ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន Daikin Airconditioning របស់ប្រទេសជប៉ុន បាននិងកំពុងបង្ហាញវត្តមាននៅប្រទេសកម្ពុជា ក្រោយពីក្រុមហ៊ុននេះបានបើកការិយាល័យលក់ម៉ាសុីនត្រជាក់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅរាជធានីភ្នំពេញ។
លោក Toshiyuki Tanaka ប្រធានក្រុមហ៊ុន Daikin Cambodia បានលើកឡើងថា “ថ្វីត្បិតតែក្រុមហ៊ុន Daikin Airconditioning មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុនជិត១០០ឆ្នាំយ៉ាងណាក្តី សាខារបស់ក្រុមហ៊ុន Daikin នៅក្នុងប្រទេសកម្ពុជា មានអាយុកាលមិនទាន់ដល់១ឆ្នាំនៅឡើយ។
យ៉ាងណាមិញ លោក Toshiyuki Tanaka បានបង្ហាញការជឿជាក់ថា “អាជីវកម្មនេះនឹងរីកលូតលាស់នាពេលខាងមុខ ហើយយើងបានសង្កេតឃើញមានសក្ដានុពលជាច្រើននៅតំបន់អាស៊ាន ជាពិសេសប្រទេសកម្ពុជា”។
-->
ស្របពេលចំនួនប្រជាជនរបស់ប្រទេសជប៉ុនមានការថយចុះ ក្រុមហ៊ុន Daikin កំពុងផ្តោតលើទីផ្សារកំពុងរីកចម្រើន ដូចជាប្រទេសកម្ពុជា ខណៈចំនួនប្រជាជន និងប្រាក់ចំណូលនៅកម្ពុជាកំពុងកើនឡើង។ បន្ថែមលើនេះ ការប្រែប្រួលអាកាសធាតុបានជំរុញឱ្យម៉ាស៊ីនត្រជាក់កាន់តែមានតម្រូវការចាំបាច់។
ក្រោយពីបានបង្កើតឡើងនៅទីក្រុងអូសាកាកាលពីឆ្នាំ១៩២៤ ក្រុមហ៊ុន Daikin ជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់ដ៏ចំណាស់បំផុតមួយរបស់ប្រទេសជប៉ុន។យ៉ាងណាមិញ ស្របពេលចំនួនប្រជាជនជប៉ុន និងមូលដ្ឋានអតិថិជនធ្លាក់ចុះ ក្រុមហ៊ុនមួយនេះកំពុងផ្តោតលើទីផ្សារនៅក្រៅប្រទេស។

ទំហំទីផ្សារប្រព័ន្ធបរិក្ខារកំដៅ បរិក្ខារខ្យល់ និងបរិក្ខារត្រជាក់ ឬហៅកាត់ថា (HVAC) របស់កម្ពុជាត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនប្រចាំឆ្នាំ១០ភាគរយក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ដោយឡែក កាលពីខែឧសភា ក្រុមហ៊ុនជប៉ុន Mitsubishi Electric Group ក៏បានបើកការិយាល័យតំណាងពាណិជ្ជកម្មនៅទីក្រុងភ្នំពេញផងដែរ ខណៈក្រុមហ៊ុននេះព្យាយាមជំរុញការលក់ម៉ាស៊ីនត្រជាក់នៅកម្ពុជា។
ចំណែក ក្រុមហ៊ុនយក្ស Panasonic កំពុងជំរុញការផលិតនៅរោងចក្រគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសវៀតណាម និងចាប់ផ្តើមការលក់នៅក្នុងប្រទេសកម្ពុជា៕ប្រភព: Japan Times ៕
