មន្រ្តីជាន់ខ្ពស់លើកឡើងពីទំនាក់ទំនងកម្ពុជា អាមេរិកកាន់តែរឹងមាំស្របពេលប្រទេសនេះប្រារពខួប២៤៩នៃទិវាឯករាជ្យជាតិ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា លោកឧបានយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបានលើកឡើងថា ទំនាក់ទំនងកម្ពុជា អាមេរិកកាន់តែរឹងមាំ និងស្អិតរមួត ខណៈពេលលោកចូលរួមអបអរសាទរខួបលើកទី២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក(១៩៥០ – ២០២៥)។

ពិធីនេះមានការចូលរួមពីលោកស្រី Bridgette L. Walker ភារធារី របស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានអញ្ជើញជាសហធិបតី ក្នុងការប្រារព្ធពិធីអបអរសាទរខួបលើកទី២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) ដែលបានរៀបចំឡើង ដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធី លោកស្រីភារធារី បានជម្រាបជូនថា ទិវាឯករាជ្យរបស់សហរដ្ឋអាម៉េរិក គឺជាពេលវេលាមួយសម្រាប់ឆ្លុះបញ្ចាំងឱ្យឃើញថា តើសហរដ្ឋអាម៉េរិកបានចេញដំណើរមកពីទីណា ហើយកំពុងមានទិសដៅធ្វើដំណើរទៅកាន់ទីណា។

លោកស្រីបានបន្ថែមថា ទិវានេះគឺជាពេលមួយសម្រាប់ជនជាតិអាម៉េរិក ជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ក្នុងស្មារតីនៃការដឹងគុណ ចំពោះអ្វីដែលបុព្វបុរសបានកសាងឡើង ហើយរួមគ្នាខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីទទួលបាននូវសមិទ្ធផលថ្មីៗ ដែលជាការបង្ហា​ញឱ្យឃើញពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់អាម៉េរិកផ្ទាល់។

ជាមួយគ្នានេះ លោកស្រីក៏បានរំលេចអំពីខួបលើកទី៧៥ នៃទំនា​ក់ទំនងការទូតកម្ពុជា-អាម៉េរិក ដោយបានបញ្ជាក់ថា នេះគឺជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំ រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីកសាងអនាគតមួយ ដែលមានភាពរុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីភារធារី ដែលបានផ្តល់កិត្តិយសអញ្ជើញរូបលោកចូលរួមជាអធិបតី ក្នុងពិធីដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ មិនត្រឹមតែ សម្រាប់ប្រជាជនអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិគ្រប់រូប ដែលប្រកាន់ខ្ជាប់នូវឧត្តមគតិនៃសេរីភាព អធិបតេយ្យភាព និងការតស៊ូអត់ធ្មត់។

ថ្លែងទៅកាន់អង្គពិធី លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ ដែលយើងរួមគ្នាអបអរខួបលើកទី៧៥ នៃចំណ​ងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។

លោកបន្តថា “អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រ​ទេសជាតិយើងទាំងពីរ បានកសាងនូវភាពជាដៃគូយ៉ាងរឹងមាំ និងកាន់​តែស្អិតរមួត ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការល្អ”។ លោកបន្តថា “ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យអប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន”។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវទឹកចិត្តអរគុណដ៏ស្មោះស្ម័គ្រ ចំពោះការគាំទ្រ និងចំណងមិត្តភាពដ៏យូរអង្វែង របស់សហរដ្ឋអាម៉េរិក។ ជាពិសេស លោកបានសម្តែងនូវការកោតសើរជូនចំពោះ លោកស្រីភារធារី ព្រមទាំងសហការីទាំងអស់ នៅស្ថានទូតសហរដ្ឋអាម៉េរិក និងសហគមន៍ជនជាតិអាម៉េរិកនៅកម្ពុជាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយមិនគិតអំពីការនឿយហត់លើគ្រប់វិស័យ។

លោកស៊ុន ចាន់ថុលបានបន្ថែមថា ការងាររបស់ពួកគាត់គឺពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងចំណងទាក់ទង រវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាផ្ទាល់ផងដែរ”។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីជំហររបស់កម្ពុជាដែរថា កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងម៉ាំ ជាមួ​យទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here