ទស្សនទានពីអ្នកអានៈ “បច្ចុប្បន្នភាពនៃវិបត្តព្រំដែន កម្ពុជា នឹង សៀម “

0

ដោយៈ បញ្ញា ធម្មជាតិ

ភ្នំពេញៈ តាមការវិភាគរបស់ខ្ញុំ ទៅលើគោលនយោបាយដឹកនាំរបស់មេដឹកនាំខ្មែរ គឺលោកមានជំហរទស្សនៈមើលឃើញថា វិបត្តិព្រំដែនបច្ចុប្បន្នវាជាវិបត្តិនយោបាយ ទាក់ទងនឹងផលប្រយោជន៍អ្នកន​យោ​​បាយនៅក្នុងប្រទេសថៃ។

ក៏ប៉ុន្តែក្នុងនោះ វាក៏មានបង្កប់នៅសង្រ្គាមការទូតផង និងជា សង្រ្គាមភូមិសាសនយោបាយ របស់មហាអំណាចផង ។ ដូច្នេះហើយមេដឹកនាំកម្ពុជាយើង លោកបានកំណត់នៅ “ជម្រើសនៃការអត់ធ្មត់” ជាអាទិភាព ដើម្បីយកប្រៀបទៅលើយុត្តាធិការផ្លូវច្បាប់ នឹងបំផុសសំលេងគាំទ្រជាសកល ពីបណ្តាប្រទេសដែលជាសមាជិកសំខាន់ៗ របស់អង្គការសហប្រជាជាតិ ព្រមទាំងបំផុសចលនាផ្សព្វផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ នឹងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៅគ្រប់តំបន់ ដើម្បីជាការស្ទាបស្ទង់ ទៅលើប្រត្តិកម្មរបស់អន្តរជាតិផង នឹងស្ទាបស្ទង់នៅសភាពការរបស់សកលលោកផង ហើយក៏ជាប្រមូលកម្លាំងគាំគាំទ្រខាងផ្នែកការទូតពីមតិអន្តរជាតិ អោយកើនឡើងកាន់តែខ្លាំងផង។

លើសពីនេះ មេដឹកនាំកម្ពុជាក៏បំពេញមុខមាត់ អោយប្រទេសនេះ ត្រូវបានពិភពលោកទទួលស្គាល់ នឹងកោត​សសើរអំពីភាពថ្លៃថ្នូររបស់ខ្មែរនៅលើឆាកអន្តរជាតិ ក្នុងការដោះស្រាយទំនាស់ ប្រកបដោយចំណេះដឹង សេចក្តីថ្លៃថ្នូរ គោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិបានយ៉ាងល្អផង។

សរុបសេចក្តីនៅក្នុងន័យនេះ អ្វីអ្វីដែលអ្នកវិភាគមើលឃើញនៅក្នុងជម្លោះក្នុងបច្ចប្បន្ននេះ គឺមេដឹកនាំកម្ពុជាមិនបានសម្លឹងមើលឃើញត្រឹមជម្លោះព្រំដែនជាមួយប្រទេសថៃនោះទេ ក៏ប៉ុន្តែអ្វីដែលមេដឹកនាំកម្ពុជាមើលឃើញថា នោះគឺជាតួនាទីដ៏ធំនៅលើឆាកអន្តរជាតិ ទៅថ្ងៃមុខដែលអន្តរជាតិ គេអាចនឹងវាយតម្លៃសមត្ថភាពរបស់មន្ត្រី នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលពួកគេអាចនឹងបោះឆ្នោតជ្រើសតាំង អោយកម្ពុជា ក្លាយជាអ្នកទទួលខុសត្រូវនៅក្នុងការងារសំខាន់ របស់អង្គការសហប្រជាតិទៅថ្ងៃមុខ ដោយពឹងផ្អែកប្រជាប្រិយភាព ចំណេះដឹង នឹងរបៀបដោះស្រាយបញ្ហារជាសកលទៅថ្ងៃមុខ ។

បញ្ហាមួយទៀត មេដឹកនាំកម្ពុជាក៏បានព្យាយាម ប្រមូលនៅការគាំទ្រការទូត ពីឆាកអន្តរជាតិអោយបានពេញលេញ ដើម្បីមេដឹកនាំយើងអាចអូសទាញប្រទេសយើង ចេញអោយផុតអំពីភាពរងគ្រោះ ដែលមានអ៊ីស្រាអ៊ែល នឹងប៉ាឡេស្ទីនជាគំរូស្រាប់ ។

ហេតុផលនេះបង្ហាញថា គ្មានឡើយ ប្រទេសណាមួយដែលអាចជួយយើង បានល្អជាងយើងចេះជួយខ្លួនឯង ហើយបើសិនជាដ៏រាបណាសង្រ្គាមមិនទាន់ផ្ទុះ នោះសភាពការសន្តិសុខជាតិ នឹងការធ្វើអ្វីៗផ្សេងទៀតក៏នៅតែល្អ និងអាចដោះស្រាយបាន។

ក៏ប៉ុនែ្តបើសិនជាសង្រ្គាមផ្ទុះហើយ វាគឺជាសង្រ្គាមសម័យទំនើប ហើយការវាយប្រហារ ចូលជ្រៅទៅក្នុងប្រទេសនីមួយៗ ក៏នឹងបំផ្លាញរាល់សមិទ្ធិផលសេដ្ឋកិច្ច អាគារពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម នឹងវិស័យថាមពល ។ល។ ហើយការប្រើប្រាស់កម្លាំងបាយមកដោះស្រាយ វាស្មើរនឹងយកសាំងមកចាក់ស្រោចដុតទាំងផ្ទះអ្នកជិតខាងផង ហើយក៏ឆេះទាំងផ្ទះខ្លួនឯងផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here