ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រុមហ៊ុនចិន បានកិច្ចប្រជុំពិនិត្យពិភាក្សាការងារ បច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)។
កិច្ចប្រជុំនេះដឹកនាំដោយលោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីជាថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ តំណាងក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រុមការងារជំនាញបច្ចេកទេស គណៈកម្មការដោះស្រាយផលប៉ះពាល់គម្រោង និងភាគីពាក់ព័ន្ធជាច្រើនរូប។
-->
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាការងារបច្ចេកទេសបំពេញបន្ថែម ស្របតាមស្ដង់ដារបច្ចេកទេស លើគំនូសប្លង់លម្អិត និងការស្វែងរកដំណោះស្រាយ នៃបញ្ហាប្រឈមរួមគ្នាលើផលប៉ះពាល់ ព្រមទាំងពិនិត្យលើសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោកសួង ហេង បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ពន្លឿនការសិក្សា គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ធ្វើយ៉ាងណាឱ្យស្របតាមបទដ្ឋានបចេ្ចកទេស សំដៅធ្វើយ៉ាងកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតអប្បបរមា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាន់ពេលវេលាតាមការគ្រោងទុក។
គម្រោងផ្លូវតភ្ជាប់ ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ផ្នែកខាងកើតទៅផ្លូវជាតិលេខ១ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែង១៥៩១ម៉ែត្រ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ការតភ្ជាប់បណ្តាញផ្លូវនេះ ធ្វើឡើងតាមការណែនាំដ៏ខ្ពស់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) នាថ្ងៃទី១៩ កុម្ភ: ឆ្នាំ២០២៤៕
