ប្រមុខរដ្ឋាភិបាលៈកងកំលាំងប្រដាប់អាវុធកម្ពុជាកំពុងក្លាហានមោះមុតក្នុងការការពារដែនអធីបតេយ្យ និងបូរណៈភាពទឹកដី ស្របពេលទាហ៊ានសៀម២នាក់បានរងរបួស

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញសារប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី។

ខ្លឹមសារទាំងស្រុងរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត។

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារ មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រ នៃការវាយប្រហារទៅដល់តំបន់មុំបី។

កម្ពុជាតែងតែប្រកាន់ជំហរ ចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះ យើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតប ដោយកម្លាំងប្រដាប់អាវុធប្រឆាំង នឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។

សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី៕

LEAVE A REPLY

Please enter your comment!
Please enter your name here