ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ស្របពេលដែលបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរ ការធ្វើពាណិជ្ជកម្មនៅទូទាំងពិភពលោក កម្ពុជាក៏បាននិងកំពុងដើរតាមលំអាននេះ ប៉ុន្តែហេដ្ឋារចនាស ម្ព័ន្ឋចាំបាច់ សម្រាប់ធ្វើឲ្យការធ្វើពាណិជ្ជកម្មតាមបែបអេឡិកត្រូនិកនៅទីនេះ មិនទាន់មានភាពរ៉ឹងមាំនៅឡើយទេ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៤ ធ្នូនេះថា វាជានិន្នាការនៃការធ្វើជំនួញបែបថ្មីមួយ ដែលរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះផងដែរ ប៉ុន្តែបើនិយាយពីរចនាសម្ព័ន្ឋគាំទ្រនានា ដើម្បីជួយឲ្យវិស័យនេះមានការរីកចម្រើន និងមានប្រសិទ្ឋិភាព គឺមិនទាន់មាននៅឡើយទេ។
-->
លោកបន្តថា “អ្វីសំខាន់ជាងគោលនយោបាយ គឺធនធានមនុស្ស និងមូលធនរបស់យើង តើមានការឆ្លើយតបឬនៅ សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិកត្រូនិក។លោកបន្តថា “វានៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើ ខណៈប្រព័ន្ឋនៃការធ្វើពាណិជ្ជកម្មបែបនេះមានភាពស្មុគ្រស្មាញណាស់ និងមានច្រើនផ្នែកដោយឡែកៗពីគ្នា។
នៅកម្ពុជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិកត្រូនិក ដោយប្រើប្រាស់បច្ចេកវិទ្យាបាននិងកំពុងចាប់ផ្តើម ដែលបច្ចុប្បន្នយើងឃើញមានប្រព័ន្ឋផ្ទេរប្រាក់ជាច្រើន ដូចជា លី ហួរវេលុយ វីង ភី ភេយ៍ និងដារា ផេយ៍ជាដើម។
ទោះបីជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិកត្រូនិក បានចាប់ផ្តើមសកម្មបណ្តើរៗក្តី ក៏ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់នៃការប្រកួតប្រជែងមិនស្មើភាព និងច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិកត្រូនិក មិនទាន់បានអនុម័តនៅឡើយទេ។
ទោះជាយ៉ាងណា លោកឧកញ៉ាសុខ ពិសិដ្ឋអតីតប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន G Gear បានថ្លែងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិកត្រូនិក បានចាប់ផ្តើមបណ្តើរៗហើយ តាមរយៈមុខជំនួញជាច្រើន ដែលបានបង្កើតឡើងដោយសហគ្រិននានា ហើយលោកក៏បាននិងកំពុងរៀបចំប្រព័ន្ឋជំនួញបែបនេះផងដែរ។លោកបន្តថា យុវជន និងសហគ្រិននានាបាននិងកំពុងចាប់យកឧស្សាហកម្មនេះ ហើយវិស័យសហគ្រាសធុនតូច និងមធ្យមមួយចំនួនបាននិងកំពុងអភិវឌ្ឍន៍ផលិតផលពួកគេ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។
លោកឧកញ៉ាបានបន្តថា ប្រព័ន្ឋបច្ចេកវិទ្យាជួយច្រើនដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិកត្រូនិក ប្រសិនជាយើងប្រើប្រាស់វាបានក្នុងផ្លូវត្រឹមត្រួវ”៕