ដោយ: គង់ លាងហួរ
អន្តរជាតិ: ការអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននាំឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ក្រោយពីកិច្ចប្រជុំនៅប្រទេសម៉ាឡេសុី ដោយមានការចូលរួមជាសាក្សីពីតំណាងសហរដ្ឋអាមេរិក និងតំណាងមកពីប្រទេសចិន។
កាសែត Financial Times បានរាយការណ៍ថា បទឈប់បាញ់សម្រេចបានយ៉ាងឆាប់រហ័ស បន្ទាប់ពីលោក ត្រាំ ព្រមានថា ការចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងត្រូវបញ្ឈប់ ប្រសិនបើការប្រយុទ្ធនៅតែបន្ត។ ប្រទេសកម្ពុជា និងប្រទេសថៃបានប្រឈមមុខជាមួយអត្រាពន្ធគយចំនួន៣៦ភាគរយដូចគ្នា។
កាសែត The Guardian បានសង្កត់ធ្ងន់ថា ការផ្សារភ្ជាប់កិច្ចចរចាពាណិជ្ជកម្មរបស់លោក ត្រាំ ទៅនឹងដំណោះស្រាយជម្លោះមានប្រសិទ្ធភាព ខណៈប្រទេសម៉ាឡេស៊ី និងប្រទេសចិន ដែលគាំទ្រមធ្យោបាយការទូតក៏មិនអាចមានឥទ្ធិពលគ្រប់គ្រាន់ឡើយ។
កាសែត Reuters បានចុះផ្សាយថា ការអំពាវនាវរបស់លោក ត្រាំ បានជួយបង្កើតនូវដំណោះស្រាយការទូតមួយ ក្រោមការដឹកនាំដោយអាស៊ាន។ អានុភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជំរុញឱ្យមានការកាត់បន្ថយភាពតានតឹង។
កាសែត AP News បានចុះផ្សាយថា ថ្នាក់ដឹកនាំថៃ និងកម្ពុជាបានឈានដល់បទឈប់បាញ់ភ្លាមៗ បន្ទាប់ពីមានការព្រមានជាសាធារណៈពីឥស្សរជននយោបាយដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Marco Rubio និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមានពីការឈប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រសិនបើការប្រយុទ្ធបន្តអូសបន្លាយ។
កាសែត Washington Post បានគូសបញ្ជាក់អំពីការអំពាវនាវរបស់លោក ត្រាំ ទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងការគំរាមក្នុងការផ្អាកកិច្ចពិភាក្សាពាណិជ្ជកម្ម ប្រសិនបើអរិភាពនៅតែបន្តកើតមាន។
ចំណែក កាសែត The Times of India បានលើកឡើងនូវវោហាសាស្ត្ររបស់លោក ត្រាំ ដែលបានរំលឹកពីការសម្រេចបានសន្តិភាពរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយបង្ហាញថា ការព្រមានផ្នែកពាណិជ្ជកម្មមានគំរូប្រវត្តិសាស្ត្រ និងជាឧបករណ៍ការទូត។
កាសែត The Business Times របស់ប្រទេសសិង្ហបុរី បានលើកឡើងថា “ប្រទេសថៃ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ អាចនឹងទទួលរងនូវផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការយកពន្ធចំនួន៣៦ភាគរយ ខណៈក្រុមអ្នកវិភាគបានអះអាងថា ការគំរាមពន្ធជាមធ្យោបាយដ៏មានឥទ្ធិពលដើម្បីបញ្ឈប់អរិភាព”៕ប្រភព: ចម្រុះ៕