ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea
ភ្នំពេញៈ ទឹកភ្នែកយើងឈប់ហូរហើយ ឈាមយើងឈប់ស្រក់ហើយ! តោះទៅផ្ទះយើងវិញ! បងប្អូនជនរួមជាតិដ៏គួរឲ្យគោរព ស្រលាញ់។
ប៉ុន្តែយ៉ាងណាក៏ដោយ យើងនៅតែប្រឈមនឹងបញ្ហានាពេលអនាគត “ប្រសិនជាយើងសប្បាយភ្លេចខ្លួន យើងមិនរួបរួម មិនបន្ត មនសិកាស្នេហាជាតិ មិនធ្វើឲ្យយើងខ្លាំង” យើងប្រឈមនឹងការស្រក់ឈាមជាថ្មី ប្រសិនជាយើងមិនរួបរួម យើងមិនខ្លាំង។
អរគុណ
តម្លៃសន្តិភាព មិនអាចកើតមានទេ ប្រសិនជាគ្មានការសម្រេចចិត្តដ៏ឈ្លាសវៃរបស់មេដឹកនាំរបស់យើង ពិសេសសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ឋសភា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចកាន់អំណាចរយៈពេលជិត២ឆ្នាំមកនេះ បានប្រឈមមុខនឹងសមីការជាច្រើន ដែលត្រូវដោះស្រាយ ដើម្បីប្រជាជាតិដ៏គួរឲ្យស្រលាញ់ និងអាណិតមួយនេះ។
លើសពីនេះ ជនរួមជាតិខ្មែរក៏ត្រូវអរគុណ ដល់លោកDonald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ដោះស្រាយជម្លោះនេះ។ ភាគីចិន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន អាន់វ៉ា អ៊ីប្រាហីម នាយករដ្ឋមន្រ្តីស្តីទីសៀម ដែលមានឆន្ទៈ និងគោរពបទឈប់បាញ់ផ្លូវការ។
ការសម្រេចចិត្តដ៏ត្រឹមត្រូវ
ប្រសិនជាគ្រប់គ្រងកំហឹងមិនបាន ប្រសិនជាគ្មានបទពិសោធន៍ មិនមានយុទ្ឋសាស្រ្ត និងជំនាញដ៏ជាញជ័យ ពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាទេ នោះភ្លើងសង្រ្គាមនឹងឆេះសន្ឋោរសន្ឋៅជាងនេះ និងរីករាលដាលកាន់តែធំជាងនេះ ប៉ុន្តែមូលដ្ឋានៃបទពិសោធន៍ដ៏ជោគជាំ ក្នុងសមរភូមិរបស់មហាបុរសកម្ពុជា(សម្តេចតេជោ) បានធ្វើឲ្យជម្លោះមិនរាលដាលកាន់តែធំ និងកាន់តែក្តៅ។
ប្រសិនជាកម្ពុជាមានមេដឹកនាំ ដែលមានចិត្តក្តៅ ខ្វះបទពិសោធន៍ ខ្វះភាពអំណត់ ច្បាស់ណាស់ មិនអាចទប់ទល់នឹងកលល្បិចសៀមបាននោះទេ។
ព្រះអាទិត្យថ្មីរះជាមួយស្នាមញញឹម
ជាមួយនឹងការពលី ដំណក់ទឹកភ្នែក និងឈាមស្រស់បានហូរចេញពីរាងកាយប្រជាជាតិនេះ យើងស្គាល់ស្នាមញញឹមជាថ្មីហើយ យើងបានសុខហើយ តែយើងត្រូវរកវិធីសាស្រ្ត យុទ្ឋសាស្រ្ត ដើម្បីទទួលបានសេចក្តីសុខ និងចាកផុតពីការប្រមាទទាំងឡាយបន្តទៀត។
សត្រូវជុំវិញយើង! នៅតែចិញ្ចឹមចិត្តឈ្លានពានយើង ចង់បានទឹកដីយើង ពួកគេមិនមែនជាប្រជាជាតិស៊ីវិល័យទេ តែយើងក៏មិនអាចលើកប្រទេសយើងចេញទៅណា ឬចាកចេញពីពួកគេបានឡើយ មានតែបន្តរស់នៅក្នុងភាពសុខសាន្តជាមួយគ្នា តាមរយៈការក្សាឲ្យបាននូវភាពខ្លាំងទាំងស្មារតី ទាំងយុទ្ឋោបរករណ៍ ទាំងកងទ័ព និងសេដ្ឋកិច្ចយើងត្រូវតែរីកចម្រើន ទើបយើងអាចគេចចេញពីការប្រមាទបាន។
តម្លៃសន្តិភាពនាពេលនេះ បានសាយភាយចោលក្លិនក្រអូបប្រហើរ ក្នុងសន្តានចិត្តខ្មែរគ្រប់រូបហើយ ទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ សូមមេត្តារួមគ្នាថែររក្សាសន្តិភាពឲ្យបាន ព្រោះវាមានតម្លៃស្មើ “អាយុជីវិត”របស់យើង៕