ក្រុមហ៊ុនTOYOTAបោះទុនវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនបានពង្រីកទុនវិនិយោគ ដោយបោះទុនបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញបច្ចេកទេ​សក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Kensuke Tsuchiya  ប្រធានក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltdកាលពីថ្ងៃទី១ សីហា។

បន្ទាប់ពីមតិស្វាគមន៍របស់លោកអគ្គលេខាធិការ លោក Kensuke Tsuchiya  បានជម្រាបជូនថា គោលបំណងនៃការចូលជួបនាពេលរសៀលនេះ គឺដើម្បីជម្រាបជូនពីវឌ្ឍនភាព នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបជូនអំពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Toyota Tsusho’s Manufacturing (Cambodia) CO., Ltd. និងបានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុត ចំពោះគម្រោងវិនិយោគបង្កើតមជ្ឈម​ណ្ឌលបណ្តុះបណ្តាលជំនាញ បច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលការណ៍នេះគឺស្របទៅនឹងគោលនយោ​បាយអភិវឌ្ឍធនធានមនុស្ស ពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

លោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា គម្រោងដ៏វិសេសវិសាលនេះ នឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុត ក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុន ក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ។

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានទទួលគោលការណ៍អនុញ្ញាត ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីឆ្នាំ២០២២ឱ្យវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត (Toyota Fortuner, និង Toyota Hilux) ដែលមានទីតាំស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here