ដោយ: គង់ លាងហួរ
អន្តរជាតិ: ការចាប់យកបច្ចេកវិទ្យា AI នៅទូទាំងតំបន់អាស៊ានអាចជំរុញឱ្យកំណើនផលទុនជាតិសរុប (GDP) របស់តំបន់អាស៊ានកើនឡើងក្នុងរង្វង់១៣ភាគរយនៅត្រឹមឆ្នាំ២០៣០ខាងមុខ ខណៈប្រទេសសិង្ហបុរីជាប្រទេសនាំមុខគេលើការរៀបចំគោលនយោបាយទាក់ទងនឹងបច្ចេកវិទ្យា AI ។
ចំណែក ប្រទេសម៉ាឡេស៊ីបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI ជាពិសេសការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ(Data Center) ក្នុងរដ្ឋ Johor។
នៅក្នុងតំបន់អាស៊ាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិដ្ឋភាពអាជីវកម្ម និងសេវាកម្មសាធារណៈ។ បច្ចេកវិទ្យាថ្មីនេះនឹងចាក់បញ្ចូលទំហំទឹកប្រាក់ជិត១ទ្រីលានដុល្លារដល់សេដ្ឋកិច្ចរបស់តំបន់អាស៊ានទាំងមូលនៅឆ្នាំ២០៣០។នេះបើយោងតាមក្រុមហ៊ុន East Ventures ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី។
កំណើននេះនឹងត្រូវបានជំរុញជាចម្បងដោយសារការកើនឡើងនូវផលិតភាព ប្រសិទ្ធភាពប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងតាមរយៈម៉ាសុីនវិភាគទិន្នន័យ និងឥរិយាបថរបស់អតិថិជន នៅក្នុងផ្នែកនានា រួមទាំងធនាគារ ការលក់រាយ និងផលិតកម្ម។
ការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេព្យាករណ៍ថា នឹងចាក់បញ្ចូលទំហំទឹកប្រាក់ចំនួន៤១ពាន់លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសប្រ៊ុយណេនៅត្រឹមឆ្នាំ២០៣០ខាងមុខ។
ចំណែក សេដ្ឋកិច្ចសិង្ហបុរីត្រូវបានគេរំពឹងថា នឹងស្រូបទាញបានទំហំទឹកប្រាក់ចំនួន១១០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈសេដ្ឋកិច្ចម៉ាឡេសុីត្រូវបានព្យាករណ៍ថា នឹងស្រូបទាញបានទំហំទឹកប្រាក់ចំនួន១១៥ពាន់លានដុល្លារនៅឆ្នាំ២០៣០ តាមរយៈការចាប់យកបច្ចេកវិទ្យា AI៕ប្រភព: Fintechnews៕