ដោយៈ គង់ សូរិយា
ពោធិសាត់ៈ ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពលរបស់ក្រុមហ៊ុន SchneiTec ZEALOUS ដែលស្ថិតក្នុងខេត្តពោធិ៍សាត់ត្រូវបានបើកឱ្យដំណើរការជាផ្លូវការហើយ។
ពិធីសម្ពោធត្រូវបានធ្វើឡើងនៅទីតាំងគម្រោង ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកUENO Atsushi ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជា លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត។
លោកអភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដាបានលើកឡើងថា ស្ថិរភាពនយោបាយ និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានធ្វើឱ្យខេត្តពោធិសាត់ ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យ។ បច្ចុប្បន្នខេត្តពោធិ៍សាត់ គឺជាទីតាំងដ៏សំខាន់មួយ ក្នុងប្រទេសកម្ពុជាដែលមានការបណ្តាក់ទុនច្រើនលើការផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ និងប្រភពវារីអគ្គីសនី។
លោកអះអាងថា “បច្ចុប្បន្នខេត្តពោធិ៍សាត់ មានការរីកចម្រើនច្រើន ដោយប្រែក្លាយពីខេត្តឆ្លងកាត់មកជាខេត្ត ដែលពោរពេញដោយការទាក់ទាញទាំងផ្នែកឧស្សាហកម្ម និងទេសចរណ៍”។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បាននិយាយថា រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចជាមួយផ្នែកឯកជន តាមរយៈការដាក់ចេញនូវគោលនយោបាយថ្មីៗជាច្រើន ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស រួមទាំងពីប្រទេសជប៉ុនឱ្យបានកាន់តែច្រើន។
លោកបញ្ជាក់ថា “គម្រោងនេះពិតសំខាន់ ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់”។ លោកបន្តថា “គម្រោងនេះនឹងជួយផ្គត់ផ្គង់ ដល់បណ្តាញជាតិសម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយ និងការបង្កើតថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា ធានាបាននូវការផ្គត់ផ្គង់ថាមពល ដែលមានស្ថេរភាព ដោយប្រើប្រភពថាមពលកាបូនទាប និងត្រួសត្រាយផ្លូវទៅកាន់ការសម្រេចបាននូវអព្យាក្រឹតភាពកាបូន”។
លោកបានថ្លែងថា ជាក់ស្តែងគម្រោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនថាមពលអគ្គិសនីChugoku ដែលជាក្រុមហ៊ុនថាមពលអគ្គិសនីឈានមុខគេមួយ នៅក្នុងប្រទេសជប៉ុន និងសហការជាមួយក្រុមហ៊ុន SchneiTec ZEALOUS ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
ឯកអគ្គរដ្ឋទូតជប៉ុន លោក UENO Atsushi បានលើកឡើងថា៖គម្រោងថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធអាគុយស្តុកថាមពលនៅទីនេះ នឹងរួមចំណែកបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងរបស់កម្ពុជា និងតម្រូវការសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕