ដោយ៖ រិន ច័ន្ទរិទ្ធិ
(ភ្នំពេញ)មេភូមិភាគ២ ប៊ុនសុីង ផាតក្លាង បានធ្វើឱ្យនាយរដ្ឋមន្ត្រីស្តីទីនិងរដ្ឋាភិបាលថៃទាំងមូលមិនសប្បាយចិត្តនិងអាម៉ាស់មុខយ៉ាងខ្លាំង ដោយសារគាត់បានប្រើឈ្មោះយោធាភូមិភាគ២ រៃអង្គាសលុយជាសាធារណៈ យកទៅទិញរបងបន្លាលួសដើម្បីយកមកដាក់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយមានកន្លែងខ្លះ(ដូចនៅច្រក ណង ចាន់ ជាដើម) យោធាថៃបានរាយបន្លាលួសជាឯកតោភាគី ដោយទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរទៀត។
នៅថ្ងៃនេះ(តាមKHAOSOD) នាយរដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាំ វេចាយ៉ាឆៃ(Phumtham Vechayachai) បានប្រកាសថា រដ្ឋាភិបាលមានកញ្ចប់ថវិកាសម្រាប់យោធា ដូច្នេះ លោកបានប្រាប់មេភូមិភាគ២ថា បើកងទ័ពត្រូវការអី កងទ័ពអាចប្រាប់មករដ្ឋាភិបាល។ លោកភូមថាំ មិនចង់ឱ្យមេភូមិភាគ២ប្រកាសរៃអង្គាសថវិកាជាសាធារណៈទេ ដោយសារវាប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋាភិបាលនិងយោធាថៃ ហើរដ្ឋាភិបាលក៏មានថវិកាបំរុងសម្រាប់យោធាដែរ។
ការដែលលោក ផាតក្លាងមេភូមិភាគ២ ធ្វើឱ្យមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថៃរង្គាសចិត្តនិងខឹងសម្បារនេះ មិនមែនជាលើកទីមួយទេ។ មានករណីមួយទៀតដែល មេទ័ពភូមិភាគ២ថៃ ផាតក្លាង បានប្រកាសនៅសៀលថ្ងៃអាទិត្យទី១០ខែសីហា២០២៥ ថានឹងវាយយកប្រាសាទតាក្របីឲ្យបាន និងបិទប្រាសាទតាមាន់ធំបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ ក្នុងពេលនៅសេសសល់៥១ថ្ងៃក្នុងតួនាទីរបស់គាត់។ សេចក្តីថ្លែងការណ៍របស់លលោកផាតក្លាងនេះ ដែលដកស្រង់សំដីដោយKHAOSOD បានធ្វើឱ្យរដ្ឋភិបាលថៃបាក់មុខយ៉ាងខ្លាំង ប្រឈមនឹងសហគមន័អន្តរជាតិ អាស៊ាន(ម៉ាឡេសុី) ចិន និងអាមេរិក។ មួយថ្ងៃបន្ទាប់ មិនទាន់បាត់ឈ្ងៀមផង ក្រសួងការពារជាតិថៃតាមរយៈលោក វីនថៃ ស៊ូវ៉ារី បានចេញមកស្តីបន្ទោសសាព័ត៌មានថៃមួយចំនួនថាបានដកស្រង់សំដីខុស លោកផ្កាយ២ផាតខ្លាង។ លោកវីនថៃ បានកែរសម្រួលសេចក្តីថា តាមពិតទៅមេភូមិភាគ២ចង់និយាយថានឹងយកប្រាសាទតាក្របីមកកាន់កាប់វិញ ដោយយន្តការណ៍សមស្របណាមួយ ដោយអះអាងថាប្រាសាទតាក្របីគួរតែស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់ថៃ។ លោកបានបន្តទៀតថា ថៃនឹងលើកអំពីករណីប្រាសាទតាក្របីនៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់តំបន់(RBC)នាពេលខាងមុខនេះដែរ។
ដូច្នេះ យោងតាមសកម្មភាពគឃ្លើនរបស់លោក ផាតក្លាង ទោះបីមានសំណើរពីប្រជាជនជ្រុលនិយមថៃឱ្យគាត់បន្តធ្វើជាមេបញ្ជាការនៃភូមិភាគ២បន្តទៀតបន្ទាប់ពីចូលនិវត្តន៍ គឺមិនអាចទៅរួចទេ ព្រោះតាម(KHOASOD) រដ្ឋាភិបាលថៃតាមរយៈក្រសួងការពារជាតិបានបដិសេធរួចហើយ ដោយលើកឡើងថាវាអាចប៉ៈពាល់ដល់ស្តង់ដារនៃការបន្តការងារឬការតម្លើងឋានៈមន្ត្រីយោធាយោងតាមគុណសម្បត្តិ។
ខ្ញុំជឿរជាក់ថា បន្ទាប់ពីការចូលនិវត្តន៍របស់លោក ប៊ុនសុីង ផាតក្លាង រដ្ឋាភិបាលថៃនឹងតែងតាំងមេទ័ពថ្មីនៃភូមិភាគ២ ដែលយល់សាច់ការនិងស្តាប់បង្គាត់រដ្ឋាភិបាលជាងមុន។ ត្រូវចាំថា លោក ផាតក្លាង នេះហើយ ដែលជាមេបង្ករហេតុនៃការបិទព្រំដែនកម្ពុជា-ថៃ និងសង្គ្រាម៥ថ្ងៃ ដែលនាំឱ្យសេដ្ឋកិច្ចថៃក្នុងនាមជាប្រទេសដែលមានអំណាចនាំចេញខាតបង់មិនតិចទេ នេះមិនទាន់រាប់ការខាតបង់ អ្នករងរបួសនិងស្លាប់រាប់រយនាក់ទៀត ដោយសារការប្រយុទ្ធគ្នាដោយយោធាកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ៦យប់។