ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌាគ្រោងផលិតបច្ចេកវិទ្យារថភ្លើង Hyperloop ដំបូងគេបង្អស់របស់ពិភពលោក បន្ទាប់ពីរដ្ឋបាលរបស់រដ្ឋ Maharashtra បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទើបបង្កើតថ្មី TuTr Hyperloop (start-up) ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងដ៏ទំនើបនេះ។
អាជ្ញាធររដ្ឋ Maharashtra មានគោលបំណងដាក់ឱ្យប្រើប្រាស់រថភ្លើង Hyperloop ដើម្បីតភ្ជាប់កំពង់ផែ Jawaharlal Nehru Port Trust (JNPT) នៅទីក្រុង Navi Mumbai ជាមួយនឹងកំពង់ផែ Vadhavan នៅទីក្រុង Palghar ។
គម្រោងខាងលើនឹងជួយពន្លឿនការដឹកជញ្ជូនទំនិញរវាងគម្រោងកំពង់ផែធំៗចំនួន២របស់ឥណ្ឌា។ តួយ៉ាង កំពង់ផែ JNPT គ្រប់គ្រងចំនួនជាង៥០ភាគរយនៃទំនិញកុងតឺន័រសរុបរបស់ប្រទេសឥណ្ឌា ខណៈកំពង់ផែ Vadhavan ត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងទំនិញចំនួន២៥០លានតោនជារៀងរាល់ឆ្នាំ នៅពេលកំពង់ផែនេះសាងសង់រួចរាល់។








