ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Meta របស់លោកមហាសេដ្ឋី Mark Zuckerberg កំពុងត្រៀមរៀបចំបញ្ចេញវ៉ែនតាឆ្លាតវៃដំបូងរបស់ខ្លួន ហើយវ៉ែនតាទាំងនោះនឹងមានតម្លៃថោកជាងការរំពឹងទុកពីមុន។
យោងតាមរបាយការណ៍ថ្មីមួយពីលោក Mark Gurman អ្នកសារព័ត៌មានរបស់ស្ថាប័ន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Meta នឹងជំរុញតម្រូវការវ៉ែនតាឆ្លាតវៃរបស់ខ្លួន ដែលត្រៀមដាក់លក់នាពេលខាងមុខក្នុងតម្លៃថោកជាងការរំពឹងទុក។
លោក Mark Gurman ត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកសារព័ត៌មាន ដែលប្រមូលតាមដានព័ត៌មានគួរឱ្យទុកចិត្តបានទាក់ទងនឹងសកម្មភាពនានារបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ដែលធ្វើប្រតិបត្តិការក្នុងតំបន់ Silicon Valley នៅរដ្ឋកាលីហ្វ័រញ៉ា។
វ៉ែនតាឆ្លាតវៃថ្មីនេះត្រូវបានគេហៅថា “Hypernova”និងអាចត្រូវបានដាក់បង្ហាញនៅខែកញ្ញាខាងមុខ។ វ៉ែនតាឆ្លាតវៃទាំងនេះនឹងមានអេក្រង់តូចមួយសម្រាប់ដំឡើងកម្មវិធី App តូចៗ និងការជូនដំណឹង(alert)។នេះបើយោងតាមរបាយការណ៍ពីលោក Mark Gurman។
អេក្រង់នឹងស្ថិតនៅត្រង់កញ្ចក់ខាងស្តាំនៃវ៉ែនតាឆ្លាតវៃ ហើយអាចបញ្ជាបាន។គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងតម្លៃវ៉ែនតាឆ្លាតវៃជាផ្លូវការពីក្រុមហ៊ុន Meta នៅឡើយ។ ប៉ុន្តែ គេធ្លាប់ប៉ាន់ប្រមាណពីមុនថា វ៉ែនតានេះអាចមានតម្លៃ១.០០០ដុល្លារ។
ទោះជាយ៉ាងណា អ្នកយកព័ត៌មានរបស់ស្ថាប័ន Bloomberg បានរាយការណ៍ថា បច្ចុប្បន្ន ក្រុមហ៊ុនយក្ស Meta គ្រោងកំណត់តម្លៃវ៉ែនតាឆ្លាតវៃ ដែលត្រៀមដាក់លក់នាពេលខាងមុខក្នុងទំហំទឹកប្រាក់ត្រឹមតែ៨០០ដុល្លារអាមេរិក៕ប្រភព: Tweak Town៕