វិភាគៈតម្លៃសន្តិភាពក្រោមដំណក់ទឹកភ្នែក

0

ដោយៈ យិន លាងគង់ស្ថាបនិកPropertyarea.asia

    ភ្នំពេញៈ “កម្ពុជាត្រូវការសន្តិភាព” ពាក្យនេះត្រូវបានបន្លឺឡើងពីមេដឹកនាំកម្ពុជា និងប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់រូប ប៉ុន្តែសម្លេងគ្រាប់កាំភ្លើងរបស់ពួកចោរសៀម មិនបានបញ្ចប់ឬបង្អង់នោះឡើយ។

ដែនដីនេះបានប្រឡាក់ដោយឈាម និងទឹកភ្នែកជាថ្មី ដែលកាលពីដើមមក ពសុធាដ៏អភ័ព្វនេះ សុទ្ឋតែបានប្រឡាក់ដោយឈាម និងទឹកភ្នែករបស់មហាបុព្វបុរស និងប្រជាជាតិខ្មែរជាង៧០០ឆ្នាំមកហើ​យ ដោយសារ​ការបែកបាក់ វប្បធ៌មអញនិយមរបស់មេដឹកនាំ និងជាតិសាសន៍ ដែលរងការបំពុលពីមនោគមន៍វិជ្ជារាប់រយឆ្នាំមកនេះ។

សត្រូវនៃប្រវត្តិសាស្រ្ត

    ចាប់តាំងពីបាន​ឯករាជ្យ នៅក្រុងសុខោទ័យនៅឆ្នាំ១២៣០មក ជាតិសាសន៍នេះ បានចិញ្ចឹមចិត្តឈ្លានពានកម្ពុជា រហូតមកទល់ពេលនេះ ហើយមហិច្ឆតានេះនឹងមិនបញ្ចប់ទេ ដរាបណាខ្មែរនៅតែខ្សោយជាងពួកគេ ខ្មែរនៅតែបែកបាក់ ខ្មែរនៅតែអញនិយម។

ការកសាងនូវប្រវត្តិសាស្រ្ត និងអាណាចក្រដ៏ខ្លាំងនៃមេដឹកនាំដែលកាន់លទ្ឋិព្រហ្មមញ្ញសាសនា បានធ្វើឲ្យខ្មែរមិនរងការប្រមាថ និងមាក់ងាយពីសត្រូវណាឡើយ ហើយអរិយធ៌មរបស់ជាតិសាសន៍នេះរះយ៉ាងត្រចះត្រចង់លើពិភពលោក។

ប៉ុន្តែជាអកុសល ការទទួលយកមនោគមន៍វិជ្ជាសាសនាមួយ ដែ​លទាំងអ្នកជឿ និងសាវៈរបស់ពួកគេ​មិនដឹងពីអត្ថន័យនៃធ៌ម បាលី សំង្រ្កឹតមានន័យដូចម្តេចផង (ជំនឿប្រាសចាកការពិចារណា) ការបំពុលមនោគមន៍ពីខាងក្រៅផង បានធ្វើឲ្យខ្មែរទន់ខ្សោយ បែកបាក់ អញនិយម និងរងភាពអាម៉ាស់ជាបន្តបន្ទាប់ រហូតដល់ខេត្តចំនួន៣៧ បានបាត់បង់ទៅប្រទេសជិតខាងមួយនេះ។

ការពឹងផ្អែកពិភពខាងក្រៅ

សង្រ្គាមរយៈពេល៥ថ្ងៃ ចាប់តាំងពីថ្ងៃទី២៤ ដល់២៨ កក្កដា បានផ្តល់មេរៀនដ៏ជូរចត់មួយ សម្រាប់មេដឹកនាំ និងប្រជាជាតិខ្មែរទាំង​មូល ដែលបានដឹងថា ការរំពឹងការជ្រោមជ្រែងពីខាងក្រៅ មិនប្រសើរជាងពឹងខ្លួនឯងទេ។

ការលេចឡើងនូវវត្តមាន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានឈឺឆ្អាលចំពោះការបញ្ចប់សង្រ្គាមកម្ពុជា ថៃ ការខិតខំរបស់ប្រធានអាស៊ានអាន់វ៉ា អ៊ីប្រាហ៊ីម ដែលជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងមេដឹកនាំមួយចំនួនទៀត បានធ្វើឲ្យសង្រ្គាមរយៈពេល៥ថ្ងៃនេះបានបញ្ចប់ជាមួយសោកនាដកម្ម និងទឹកភ្នែកបន្តហូរក្រោមភ្លៀងរលឹមជារៀងរាល់ថ្ងៃ។

វត្តមានអ្នកសារព័ត៌មានល្បីឈ្មោះ ពីសេតវិមាន លោក Michael B.Alfaro, Gary Franchi និងអ្នកសារព័ត៌មានដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធ៌មជាច្រើនទៀត បានធ្វើឲ្យប្រជាជាតិនៅលើពិភពលោក ដឹងច្បាស់ថា “អ្នកណាជាអ្នកបង្ករឿងពិតប្រាកដ”។

ទោះជាស្នូគ្រាប់កាំភ្លើងបានបញ្ចប់ក្តី ប៉ុន្តែមហិច្ឆតាឈ្លានពានរបស់ពួកសៀមមិនបានបញ្ចប់ទេ ពួកគេនៅតែប្រើប្រាស់មធ្យោបាយដទៃទៀត តាមរយៈការចាប់ទាហានខ្មែរ១៨នាក់ មិនទាន់ដោះលែងនាពេលនេះ និងបានឈ្លានពានកម្ពុជាតាមរយៈរូបភាពផ្សេង ដោយប្រើប្រាស់លួសបន្លា និងទាហានព័ទ្ឋយកផ្ទះ និងភូមិប្រជាពលរដ្ឋនៅភូមិជោគជ័យ និងភូមិមួយចំនួនទៀត នៅក្នុងខេត្តបន្ទាយមានជ័យ។

ការរួបរួមជាធ្លុងមួយ

ទន្ទឹមនឹងដំណក់ទឹកភ្នែក ឈាមក្រហមក្រាលពាសពេញសមរភូមិ កុមារមិនបានចូលសាលា ប្រជាពលរដ្ឋមិនមានកន្លែងសំរាកត្រឹមត្រូវនាសមរភូមិមុខ ទឹកចិត្តប្រជាពលរដ្ឋពីសមរភូមិក្រោយ បានពុះកញ្រ្ជោលឡើង ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់វីរយុទ្ឋជន នៅសមរភូមិមុខ ជាសារមួយបង្ហាញនូវស្មារតីនៃសាមគ្គីភាពជាតិ និងទឹកចិត្តជាតិនិយមដ៏ពុះពោរ ហើយស្មេរសង្ឃឹមថា ទឹកចិត្តជាតិនិយម និងស្នេហាជាតិនេះ នឹងបន្តស្ថិតក្នុងបេះដូងកូនខ្មែរជាអមតៈ។

រឿងល្អៗជាច្រើនបានកើតឡើង ដែលជាមេរៀនគួរតែរៀនសូត្រ ចងចាំ និងរក្សាឲ្យបាន ទី១ ទឹកចិត្តជាតិនិយមបានរីកពេញបេះដូងប្រជាជាតិខ្មែរ ទី២ តម្លៃវីរយុទ្ឋជននៅសមរភូមិមុខ ត្រូវបានលើកដម្កើង ទី៣ យុវជនជំនាន់ក្រោយបានឃើញអ្វីជាសង្រ្គាម និងអ្វីដែលជា”តម្លៃសន្តិភាព” ទី៤ បង្ហាញពីវីរៈភាពរបស់មេដឹកនាំជាតិ ដែលមិនរត់ចោលប្រជាជន ទោះក្នុងកាលៈទេសៈណាក៏ដោយ ទី៥ អ្នកណាជាមិត្ត អ្នកណាគ្រាន់តែសម្តែងជាមួយកម្ពុជា ទី៦ តើសហគមន៍អន្តរជាតិនឹងនៅជាមួយអ្នកណា ពេលមានសង្រ្គាមនេះ តើពួកគេថ្កោលទោសអ្នកឈ្លានពានឬទេ? ឬនៅស្ងៀមស្ងាត់ ដើម្បីការពារផលប្រយោជន៍របស់ពួកគេ?។

LEAVE A REPLY

Please enter your comment!
Please enter your name here