ដោយៈ សហសេវិក
ភ្នំពេញៈ ក្រុមគណបក្សប្រឆាំង និងអ្នកជាតិនិយមថៃបានរៀបផែនការប្រឆាំងនឹងនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាអូសទាញក្រុមគណបក្សប្រឆាំងនៅកម្ពុជា ឲ្យធ្វើសកម្មភាពលើទឹកដីថៃ ដើម្បីធ្វើសកម្មភាពក្នុងចេតនាមិនសុច្ចរិតភាពលើរដ្ឋាភិបាលកម្ពុជា។
យោងតាមអត្ថបទមួយ ដែលបានចុះផ្សាយលើគេហទំព័រ The Sunday Guardian ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចេញនូវការបែកធ្លាយអនាមិក ដោយចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងនិរទេសខ្លួនថា បានរៀបចំផែនការ បង្កភាពចលាចល នៅតាមព្រំដែនជាមួយប្រទេសថៃ។
អត្ថបទបានឱ្យដឹងថា ឯកសារផ្ទៃក្នុងដែលត្រូវបានចែករំលែកដោយអនាមិកជាមួយThe Sunday Guardian ក្នុងរយៈពេលមួយខែកន្លងមកនេះ បានអះអាងថា ឥស្សរជនប្រឆាំងកម្ពុជា ដែលកំពុងនិរទេសខ្លួន បានសម្របសម្រួលជាមួយចលនាជាតិនិយម “អាវលឿង”របស់ថៃ ដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាលកម្ពុជា។
ឯកសារមានដូចជាអ៊ីមែលចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវបានចោទប្រកាន់ថា បានផ្ញើដោយលោកស្រីមួរ សុខហួរ ទៅឱ្យសកម្មជនភៀសខ្លួនឈ្មោះ ឯម ពិសិដ្ឋ ដែលដឹកនាំបណ្តាញយុវជនកម្ពុជាសកលនៅប្រទេសថៃ។ ឯកសារភ្ជាប់ជាមួយសារនោះ គឺជាឯកសារដែលមានចំណងជើងថា “ផែនការសកម្មភាពទ្វេភាគី និងសេចក្តីណែនាំរបស់ប្រធាន”។
ផែនការនេះ បានកំណត់នូវសំណើ ដើម្បីផ្តួចផ្តើមសកម្មភាពយុទ្ធសាស្ត្រនៅតាមព្រំដែនកម្ពុជា-ថៃ និងការពង្រីកការនិយាយជាសាធារណៈ អំពីបញ្ហាទឹកដីនៅក្នុងតំបន់រសើបៗ ដូចជា តាមាន់ធំ និងតំបន់មុំបី នៅខេត្តព្រះវិហារ។
យោងតាមផែនការ ក្រុមអាវលឿងរបស់ប្រទេសថៃ ត្រូវបានប្រគល់ភារកិច្ច ឱ្យប្រមូលកម្លាំងសម្រាប់ប្រតិបត្តិការនៅព្រំដែន ដើម្បីបង្កការរំខាន និងផ្តល់ការបណ្តុះបណ្តាលជាប្រព័ន្ធ លើការប្រឈមមុខគ្នាដោយហិង្សា ការតវ៉ាអហិង្សា និងសង្គ្រាមព័ត៌មាន។
សម្រាប់ភាគីកម្ពុជា ផែនការនេះ អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង “ពង្រឹងបណ្តាញនៅថ្នាក់មូលដ្ឋាន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា” និងសម្របសម្រួលជាមួយសកម្មជនថៃ ដើម្បីបញ្ឆេះមនោសញ្ចេតនាជាតិនិយម និង“ប្រែក្លាយជម្លោះកម្ពុជា-ថៃ ទៅជាបញ្ហាប្រឈមចំពោះភាពស្របច្បាប់នៃការគ្រប់គ្រងរបស់គ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងឈានទៅរកការផ្ដួលរំលំ”។
ឯកសារ ក៏មានសរសេរផងដែរថា “សេចក្តីណែនាំរបស់ប្រធាន (សំដៅមេបក្សប្រឆាំងកម្ពុជា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស” បានស្នើឱ្យមានការបង្កើតមូលដ្ឋាន សកម្មភាពនៅក្នុងប្រទេសថៃ ការរៀបចំ សម្រាប់ការផ្តួចផ្តើមការបណ្តុះបណ្តាល និងការអនុវត្តវិធានការសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត និងការរក្សាទិន្នន័យឯកជនឱ្យបានតឹងរ៉ឹង ដើម្បីការពារការបែកធ្លាយព័ត៌មាន។
អ៊ីមែលដែលភ្ជាប់មកជាមួយនោះ បានបង្ហាញថា “មួរ សុខហួរ បានសរសេរទៅកាន់ ឯម ពិសិដ្ឋ ដោយលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ”។
ឯកសារបែកធ្លាយនេះ ត្រូវបានទាក់ទងដើម្បសុំការអត្ថាធិប្បាយ។ គ្មានការឆ្លើយតបណាមួយពី ឯម ពិសិដ្ឋទេ រហូតមកដល់ពេលដែលអត្ថបទនេះបានចុះផ្សាយ។ ប្រភពដែលបានផ្តល់ឯកសារទាំងនេះ មិនបានបង្ហាញអត្តសញ្ញាណរបស់ពួកគេទេ។
អង្គការរបស់ មូរ សុខហួរ និង ឯម ពិសិដ្ឋ ធ្លាប់មានទំនាក់ទំនងគ្នាកាលពីអតីកាល។ នៅខែមីនា ឆ្នាំ២០២៤ បណ្តាញយុវជនកម្ពុជាសកល និងចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បានប្រកាសអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដែលពួកគេបានបង្ហោះនៅលើFacebook ដោយបានសន្យាសហការ លើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំយុវជន។
MoU នោះ មិនបានលើកឡើងអំពីប្រទេសថៃ ឬជម្លោះព្រំដែននោះទេ តែមានការបញ្ជាក់ថា “ភាគីទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការជាផ្លូវការលើសកម្មភាពបណ្តុះបណ្តាល” មុនពេលមានការបែកធ្លាយនៅពេលនេះ។
ការលើកឡើងនៅក្នុងឯកសារនោះ អំពីរបបគ្រួសាររបស់សម្តេចតេជោហ៊ុន សែន គឺពាក់ព័ន្ធនឹងតថភាពនយោបាយស្នូលរបស់កម្ពុជា។ សម្តេចតេជោហ៊ុន សែន បានគ្រប់គ្រងប្រទេសអស់រយៈពេលជិត៤ទសវត្សមុនពេលប្រគល់អំណាច នៅឆ្នាំ២០២៣ ទៅឱ្យកូនប្រុសច្បងរបស់ លោក គឺលោក ហ៊ុន ម៉ាណែត។
ទោះយ៉ាងណា សម្តេចហ៊ុន សែន នៅតែជាប្រធានព្រឹទ្ធសភា និងនៅតែត្រូវបានចាត់ទុក ជាឥស្សរជនដ៏មានឥទ្ធិពលបំផុត នៅក្នុងនយោបាយកម្ពុជា។
អ្នកគាំទ្របានពណ៌នាការប្រគល់អំណាចនេះថា ជា “ការបន្តនិងស្ថិរភាព”ខណៈអ្នករិះគន់បានហៅថា ជា “ការដឹកនាំតវង្សត្រកូល”។ ការបែកធ្លាយនេះ បានកើតឡើងនៅចំពេលមានភាពតានតឹងជាថ្មីនៅព្រំដែន ជាពិសេសជុំវិញប្រាសាទតាមាន់ធំ ជាប្រាសាទដែលកម្ពុជា និងថៃទាមទារ។
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសថា បានឃុបឃិតជាមួយបរទេស ដើម្បីបង្កចលាចល ខណៈបណ្តាញផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាលបានព្រមានអំពីបដិវត្តន៍ពណ៌។
បទឈប់បាញ់ដ៏ផុយស្រួយមួយ ត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរនៅថ្ងៃទី២៨ខែ កក្កដា។
នៅប្រទេសថៃ ឆាកនយោបាយនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញ ដកតំណែងកាលពីថ្ងៃទី២៩ ខែសីហា បន្ទាប់ពីកាន់តំណែងបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ពីបទបំពានក្រមសីលធម៌ពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទ ដែលបានបែកធ្លាយកាលពីខែមិថុនា ជាមួយលោក ហ៊ុន សែន។
នៅក្នុងការសន្ទនានោះ លោកស្រីត្រូវបានចោទប្រកាន់ថា បានមើលងាយលើការអនុវត្ត របស់យោធាថៃនៅក្នុងជម្លោះព្រំដែន។ ការដកលោកស្រីចេញពីតំណែងបានកើតឡើង បន្ទាប់ពីមានការតវ៉ាជាតិនិយមអស់ជាច្រើនសប្តាហ៍ ដែលដឹកនាំដោយក្រុមអាវលឿង ដែលជាចលនារាជានិយម និងអភិរក្សនិយម ដែលមានអរិភាពជយូរយារណាស់មកហើយចំពោះគ្រួសារ Shinawatra និងជាឧបករណ៍ដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាលពីមុន ដើម្បីទម្លាក់រដ្ឋាភិបាលរបស់ពួកគេ។
បើទោះបីជាបទឈប់បាញ់ បានចូលជាធរមានចាប់តាំង ពីថ្ងៃទី២៨ ខែកក្កដា ក៏ដោយ ក៏អ្វីៗនៅតែមានភាពមិនច្បាស់លាស់។
រហូតមកដល់ពេលនេះ ប្រទេសថៃ បានបដិសេធមិនដោះលែងទាហានខ្មែរយ៉ាងហោចណាស់១៨នាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បាននិយាយថា “កាលពីដើមសប្តាហ៍នេះ កងទ័ពថៃ អមដោយគ្រឿងចក្រធុនធ្ងន់ បានចូលមកកាន់ផ្នែកខ្លះ នៃដែនអធិបតេយ្យភាពរបស់កម្ពុជា និងបានដាក់លួសបន្លា បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីកងទ័ពកម្ពុជាក៏ដោយ”។
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចរបស់ អនុព័ន្ធយោធាបរទេស ទៅកាន់ទីតាំងទាំងនោះ ដើម្បីបង្ហាញពីតំបន់ដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា៕