ដោយៈ ម៉ាណា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងសារថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ជាខួប២ឆ្នាំដែលប្រាសាទកោះកេររបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងទឹកចិត្តដ៏រំភើបឥតឧបមាយ៉ាងជ្រាលជ្រៅ ចូលរួមអបអរសាទរជាមួយសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសខួប២ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងសារលិខិតអបអរសាទរសម្តេចមហាបវរធិបតី បានគូសរំលេចថា ការសម្រេចទទួលស្គាល់អតីតរាជធានីកោះកេរ កសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសម័យអង្គរដ៏រុងរឿងបំផុត នៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹត ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ បានបង្ហាញពីកិត្យានុភាពវប្បធម៌ ដ៏ខ្ពស់ត្រដែតរបស់ជាតិក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមកជូនប្រជាជនកម្ពុជានូវភាពសុខដុមរមនា សម្រាប់ជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែលដ៏ឧត្ដុង្គឧត្តមពុំអាចកាត់ថ្លៃបាន របស់បុព្វបុរសយើងបន្សល់ទុកជូន អ្នកជំនាន់ក្រោយ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិនិងអន្តរជាតិ ដៃគូអន្តរជាតិ និងឥស្សរជនទាំងឡាយ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាក រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ មានជាអាទិ៍ការអភិរក្សនិងជួសជុលប្រាសាទបល្ល័ង្គជើង ប្រាសាទប្រាំ ប្រាសាទក្រហម ប្រាសាទគោកគ្រង និងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាសំខាន់ៗជាច្រើនទៀត ដើម្បីយល់ដឹងអំពីប្រវត្តិសាស្ត្រ ដ៏អស្ចារ្យនាសម័យនោះ។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួម របស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ ប្រជាជនគ្រប់រូបមាន ភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់គ្រប់បណ្ដាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយ និងអធិកអធម ដើម្បីអបអរសារទរខួប២ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក៏ដូចជាបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់៕