ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសង្កាត់ Manhattan នៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះជាលើកដំបូងកាលពីខែសីហា បន្ទាប់ពីបានកើនឡើងក្នុងរយៈពេល៤ខែជាប់ៗគ្នា។
តម្លៃជួលអាផាតមុិនជាមធ្យមបានធ្លាក់ចុះ២,១ភាគរយមកនៅត្រឹម៤.៦០០ដុល្លារក្នុងខែសីហា បើធៀបនឹងខែកក្កដា។នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel និងឈ្មួញជើងសា Douglas Elliman។
ជាធម្មតា រាល់ខែសីហា ជាពេលវេលាដ៏មមាញឹកក្នុងទីក្រុងញូវយ៉ក ដោយសារសិស្ស-និស្សិតជាច្រើនសម្រុកចូលទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោកមួយនេះ មុនពេលចាប់ផ្តើមចូលរៀន។
ប៉ុន្តែ ការថយចុះនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះបានលើកទឹកចិត្តឱ្យមនុស្សមួយចំនួនទិញផ្ទះជំនួសវិញ ដោយបន្ធូរបន្ថយសម្ពាធលើការជួលអាផាតមុិន។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
លោក Jonathan Miller ប្រធានក្រុមហ៊ុន Miller Samuel បានលើកឡើងថា សកម្មភាពជួលអាផាតមុិននៅខែសីហាបានធ្លាក់ចុះធៀបនឹងខែកក្កដា។ អត្រាការប្រាក់លើកម្ចីទិញផ្ទះបានធ្លាក់ចុះមកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល១១ខែ។
ទីផ្សារការងារនៅសហរដ្ឋអាមេរិកបានបង្ហាញសញ្ញានៃការធ្លាក់ចុះ ខណៈអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងពី៤,២ភាគរយនៅខែកក្កដា ដល់៤,៣ភាគរយនៅខែសីហា។ ការណ៍នេះនឹងជំរុញឱ្យធនាគារកណ្តាលអាមេរិកបញ្ចុះអត្រាការប្រាក់នៅខែកញ្ញានេះ៕ប្រភព: Bloomberg៕