ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋានប្រណីតក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេសចិន បានបង្ហាញសញ្ញានៃការធ្លាក់ចុះ ខណៈម្ចាស់ផ្ទះល្វែងមួយចំនួនបានបញ្ចុះតម្លៃផ្ទះលើសពី៣០ភាគរយដើម្បីទាក់ទាញអ្នកទិញ។
ការធ្លាក់ចុះនេះបានកើតមានឡើង បន្ទាប់ពីទីផ្សារលំនៅដ្ឋានប្រណីតនៅទីក្រុងសៀងហៃសម្រេចបានកំណើនក្នុងរយៈពេលជិត២ឆ្នាំកន្លងមក។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។
នេះក៏ជាសារដាស់តឿនមួយដល់បណ្តាអ្នកវិនិយោគក្នុងស្រុកមួយចំនួន ដែលធ្លាប់ជឿជាក់ថា តម្រូវការផ្ទះប្រណីត ដែលមានតម្លៃយ៉ាងតិច៣០លានយ័ន(ប្រមាណ៤,២លានដុល្លារអាមេរិក) នឹងបន្តមាននិន្នាការកើនឡើងប្រកបដោយចីរភាព។
លោក You Liangzhou ម្ចាស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Baonuo នៅទីក្រុងសៀងហៃបានអះអាងថា “ទីផ្សារលំនៅដ្ឋានប្រណីត ជាពិសេសផ្ទះប្រភេទទី២ បានបង្ហាញសញ្ញានៃការធ្លាក់ចុះ ខណៈបណ្តាអ្នកទិញមួយចំនួនឈប់ជឿជាក់លើតម្លៃនៃការបណ្តាក់ទុនវិនិយោគរបស់ពួកគេ”។
លោកបានគូសបញ្ជាក់ថា “បច្ចុប្បន្ន បណ្តាវិនិយោគិនភាគច្រើនកំពុងងាកទៅមើលលំនៅដ្ឋាន ដែលទើបសាងសង់រួចរាល់ថ្មីៗនៅក្នុងទីតាំងសំខាន់ៗរបស់ទីក្រុងសៀងហៃ និងងាកចេញពីការទិញផ្ទះប្រភេទទី២(Second-hand home)”។
ជាទូទៅ ផ្ទះប្រណីតជាប្រភេទផ្ទះល្វែង ឬអគារអាផាតមុិនលំដាប់ខ្ពស់ និងផ្ទះវីឡា ដែលមានតម្លៃយ៉ាងតិច៣០លានយ័នក្នុងមួយយូនីត។
ក្រុមហ៊ុនភ្នាក់ងារឈ្មួញជើងសាអចលនទ្រព្យ Baonuo អះអាងទៀតថា ការប្រកាសលក់ផ្ទះប្រណីតមួយចំនួននៅតែមិនអាចទាក់ទាញអ្នកទិញបាន ទោះបីជាម្ចាស់ផ្ទះនោះបានបង្ខំចិត្តបញ្ចុះតម្លៃផ្ទះជាង៣០ភាគរយយ៉ាងណាក្តី៕ប្រភព: SCMP៕