លោកឧញ៉ា លី ហួរ - លោក គាម សៀកឡុង - លោកឧកញ៉ា នួន រិទ្
ដោយ រ៉ាណេត
ភ្នំពេញ៖ មិនថានៅតំបន់ណា ខេត្តណានោះទេ តម្លៃដីធ្លីត្រូវបានគេសម្លឹងឃើញថាមានការកើនឡើងនូវតម្លៃជាបន្តបន្ទាប់ ខណៈដែលមានការវិនិយោគ និងអភិវឌ្ឍលើវិស័យសំណង់កាន់តែច្រើន។
ប្រការនេះត្រូវបានអ្នកជំនាញអះអាងថា ប្រសិនបើចរន្តនៃការឡើងថ្លៃកាន់តែខ្លាំង អាចនឹងអាចធ្វើឱ្យជះឥទ្ធិពល ដល់ដំណើរនៃការវិនិយោគយ៉ាងពិតប្រាកដ ប៉ុន្តែចំពោះតម្លៃដីនាពេលបច្ចុប្បន្ននេះ នៅមិនទាន់គួរឱ្យព្រួយបារម្ភនៅឡើយនោះទេ។
-->
ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Dream Property លោក គាម សៀកឡុង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នេះថា ជាការពិតណាស់ កាលណាតម្លៃដីកាន់តែឡើងថ្លៃវាពិតជាធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគដោយស្វ័យប្រវត្តិ។
ជាទូទៅតម្លៃដីចេះតែកើនឡើង ប៉ុន្តែបើចំពោះតម្លៃសំណង់ គឺមិនសូវជាមានការប្រែប្រួលនោះទេ ព្រោះការសាងសង់នៅតែអាចរក្សាបាននូវតម្លៃដើមដដែល បើទោះឡើងក៏ធ្លាក់ចុះក៏មានកម្រិតតិចតួចដែរ។ នៅពេលតម្លៃដីឡើងថ្លៃខ្ពស់ ធ្វើឱ្យតម្លៃសំណង់សម្រេចក្រោយការសាងសង់រួច ពេលលក់ចេញទៅវិញក៏ត្រូវតែទាមទារឱ្យមានការឡើងថ្លៃផងដែរ ដោយសារតែតម្លៃដើមរបស់ដីបានឡើងថ្លៃ។
លោកបន្តទៀតថា “តម្លៃដីបានបន្តឡើងថ្លៃពិតមែន ប៉ុន្តែការកើនឡើងទាំងនេះ បើប្រៀបធៀបនៅលើទីផ្សារដីធ្លី ក្នុងប្រទេសដែលកំពុងអភិវឌ្ឍ គឺវានៅមានកម្រិតនៅឡើយ ដែលវាមិនទាន់ឡើងខ្ពស់ដល់កម្រិតនោះទេ”។ លោកបន្តថា “ការកើនឡើង ក៏ព្រោះតែមានតម្រូវការក្នុងការអភិវឌ្ឍន៍ ដូច្នេះចំពោះអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍគឺនៅតែមានឱកាសច្រើនក្នុងការទទួលបានចំណេញត្រឡប់មកវិញ ដែលវានៅមិនទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភនៅឡើយនោះទេ”។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានមានប្រសាសន៍ថា ធម្មតាទេ តែប្រទេសមានការអភិវឌ្ឍន៍ មានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច មានស្ថេរភាពនយោបាយល្អ វាគឺជាចំណុចខ្លាំងមួយដែលទាក់ទាញមនុស្សគ្រប់តំបន់ គ្រប់ជាតិសាសន៍ចូលមករស់នៅ និងរកស៊ីរួមគ្នាដើម្បីទទួលបានប្រយោជន៍។ ការហូរចូលនូវចំនួនមនុស្ស ក៏ដូចជាចំនួនអ្នកវិនិយោគនានា បានជំរុញឱ្យកើតមានតម្រូវការប្រើប្រាស់ដីច្រើន ដែលកាន់តែធ្វើឱ្យដីមានតម្លៃឡើង។
លោកឧកញ៉ាបានបន្តថា “បើទោះជាតម្លដីឡើងថ្លៃដូចពេលបច្ចុប្បន្ននេះ ប៉ុន្តែវាមិនទាន់បង្កឱ្យជះឥទ្ធិពលអាក្រក់ណាមួយទៅដល់អ្នកវិនិយោគ ឬអ្នកអភិវឌ្ឍធ្ងន់ធ្ងរនៅឡើយនោះទេ”។លោកបន្តថា “របត់សង្គមបានផ្លាស់ប្ដូរពីអាក្រក់មកជាល្អប្រសើរ ជំរុញឱ្យប្រជាជាពលរដ្ឋអាចរកចំណូលបានច្រើន ដែលអាចធ្វើឱ្យលទ្ធភាពមានភាពល្អប្រសើរច្រើន ដូច្នេះពោះតម្លៃមុខទំនិញចម្រុះផ្សេងៗ ក៏ដូចជាតម្លៃលំនៅដ្ឋានដែលឡើងខ្ពស់ក្រោមឥទ្ធិពលនៃការកើនឡើង នៃតម្លៃដីនោះហាក់មិនជាបញ្ហាចោទនោះទេ”។
ផ្ទុយពីការលើកឡើងរបស់អ្នកជំនាញផ្នែកអចលនទ្រព្យខាងលើនេះ លោកឧញ៉ា លី ហួរ ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋាននោះ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា បើនិយាយចំពោះអ្នកវិនិយោគ ដែលជាអ្នកអភិវឌ្ឍលំនៅដ្ឋានគឺពិតជាប៉ះពាល់ខ្លាំងនៅពេលដែលតម្លៃដីឡើងថ្លៃ។ លោកបន្តថា ដីកំពុងតែឡើងថ្លៃវាពិតប្រាកដណាស់ហើយ ពិបាករកទិញ ហើយបើទិញបានក៏មិនមានទំហំធំនោះដែរ។ ដីនៅក្នុងក្រុងពិបាករកទិញយកមកអភិវឌ្ឍជាបុរីណាស់ ព្រោះតែតម្លៃថ្លៃពេក ហើយទៅអភិវឌ្ឍនៅតំបន់ឆ្ងាយៗ ២០-៣០ គីឡូម៉ែត្រពីរាជធានី ក៏មានផលពិបាកដែរដោយសារតែប្រពន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្តាញទឹកស្អាតនៅមិនទាន់ទៅដល់នៅឡើយ។
លោកបន្តថា “ដីដែលអាចយកមកធ្វើការអភិវឌ្ឍន៍លំនៅដ្ឋានបានល្អ ដែលអាចទទួលបានចំណេញ គឺមានតម្លៃត្រឹម ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម ប៉ុន្តែបើលើសពី៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺពិបាកក្នុងការយកមកអភិវឌ្ឍណាស់”៕