
ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុន Cambodian Transmission II Co., Ltd. (CTLII) ទទួលបានដោយជោគជ័យ នូវហិរញ្ញប្បទានបៃតង ចំនួន៨០លានដុល្លារ ពីសម្ព័ន្ធធនាគារ ដែលដឹកនាំដោយធនាគារ Maybank (Cambodia) PLC. ដែលដើរតួនាទីជាធនាគារតែមួយគត់។
ហិរញ្ញប្បទាននេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ហិរញ្ញប្បទានឡើងវិញ នូវបណ្តាញបញ្ជូនតង់ស្យុងខ្ពស់របស់CTLII។ ការផ្តល់ហិរញ្ញប្បទានឡើងវិញ ស្របតាមការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ Leader Energy ឆ្ពោះទៅរកហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រកបដោយនិរន្តរភាព ដែលអនុញ្ញាតឱ្យក្រុមនេះ ពង្រឹងបន្ថែមទៀតនូវតារាងតុល្យការរបស់ខ្លួន និងគាំទ្រដល់កំណើននាពេលអនាគត។
ក្រុមហ៊ុនCTLII គ្រប់គ្រង និងដំណើរការខ្សែបញ្ជូន ២៣០ kV ប្រវែងប្រហែល១២៥គីឡូម៉ែត្រ ដោយតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ។ វាដើរតួនាទីជាសរសៃឈាមដ៏សំខាន់ នៅក្នុងបណ្តាញអគ្គិសនីរបស់កម្ពុជា ក្នុងការបង្កើនភាពជឿជាក់នៃបណ្តាញអគ្គិសនី និងធានាការចែកចាយអគ្គិសនី ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងគោលដៅទទួលបានថាមពលរបស់ប្រទេស។
គម្រោងនេះពង្រឹងបណ្តាញជាតិ ដើម្បីបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើង ខណៈដែលគាំទ្រដល់ការរួមបញ្ចូល ប្រភពថាមពលកកើតឡើងវិញ។ គម្រោងនេះក៏បង្ហាញពីលទ្ធភាព នៃការផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មពីបរទេស មកក្នុងវិស័យថាមពលរបស់កម្ពុជា ដោយបង្កើនភាពធន់ នឹងវិស័យថាមពលរយៈពេលវែង និងទំនុកចិត្តពីវិស័យឯកជន។
លោក Dato’ Sean H’ng នាយកប្រតិបត្តិក្រុមហ៊ុន Leader Energy មានប្រសាសន៍ថា “ការផ្តល់ហិរញ្ញប្បទានពណ៌បៃតងនេះឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការពន្លឿនការផ្លាស់ប្តូរថាមពលនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់”។ លោកបន្តថា “ការពង្រឹងសមត្ថភាពបញ្ជូនរបស់យើង មិនត្រឹមតែធានានូវសន្តិសុខថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់គោលដៅជាតិឆ្ពោះទៅរកអនាគតកាបូនទាប ការផ្តល់ដំណោះស្រាយថាមពល ដែលលើកកំពស់សង្គម និងការពារបរិស្ថាន”។
ជាមួយគ្នានេះ លោក Dato’ John Chong នាយកប្រតិបត្តិនៃក្រុមហ៊ុន Global Banking ធនាគារ Maybank មានប្រសាសន៍ថា “ក្នុងនាមជាធនាគារឈានមុខគេរបស់អាស៊ាន និងជាអ្នកដឹកនាំប្រកបដោយនិរន្តរភាព ជាមួយនឹងវត្តមាននៅក្នុងទីផ្សារទាំង១០ ទូទាំងតំបន់ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយ Leader Energy។
លោកបន្តថា “កិច្ចសហការរបស់យើង ឆ្លើយតបទៅនឹងតម្រូវការកើនឡើង នៃហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច”។
បើចាប់ពីឆ្នាំ២០២១ ដល់ចុងខែមិថុនា ឆ្នាំ២០២៥ ធនាគារ Maybank ប្រមូលបានទុនប្រហែល១៤០ ពាន់លានរីងហ្គីត នៅក្នុងហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាពនៅទូទាំងអាស៊ាន ដែលលើសពីគោលដៅ៨០ ពាន់លានរីងហ្គីតនៅឆ្នាំ២០២៥៕
