ដោយៈ សូរិយា
ភ្នំពេញៈ ផ្លូវជាតិលេខ១១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍។
ក្រសូងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ជួយលើកកំពស់ការដឹកជញ្ជូនកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។
លើសពីនេះទៅទៀត ផ្លូវនេះថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ។
ផ្លូវជាតិលេខ១១ តភ្ជាប់ពីតំបន់អ្នកលឿង ខេត្តព្រៃវែង ទៅកាន់ថ្នល់ទទឹង ក្នុងខេត្តកំពង់ចាម ដែលមានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែងដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕