ដោយៈ ម៉ាណា
សៀមរាបៈ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អង្គការ និងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាប។
លោកអ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរូមពីមន្ទីរ អង្គភាពពាល់ព័ន្ធ នុងក្រុមការងារជំនាញ។
លោកអភិបាលរងខេត្ត សៀមរាប លោកអ៊ឹង គឹមលាងបានមានប្រសាសន៍ថា ខេត្តសៀមរាបមានក្រុមហ៊ុន និងអាជីវកម្មទឹកស្អាតឯកជនចំនួន១០មូលដ្ឋាន កំពុងដំណើរការយ៉ាងរលូន ដើម្បីជួយដល់សហគមន៍មូលដ្ឋាន។ កន្លងមកអាជ្ញាធរខេត្ត បានពិនិត្យមើលការផ្គត់ផ្គង់ទឹកស្អាតរបស់សហគមន៍ និងបានកំណត់សម្រេច លើគោលការណ៍ច្បាប់ ក្នុងការផ្ទេរអាជីវកម្មទៅឱ្យឯកជនវិញ ចំពោះសហគមន៍ណា ដែលបំពេញកិច្ចការមិនបានរលូនល្អ។

លោកក៏បានដាក់ចេញនូវការរឹតបន្តឹង ទៅលើប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតតាមសហគមន៍ ដោយសម្រេចថា ប្រសិនបើសហគមន៍ណាមួយមិនអាចផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ទេ គឺត្រូវផ្ទេរអាជីវកម្ម ឱ្យទៅប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនវិញ ដែលនេះជាវិធានការមួយ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (SDG 6) ត្រឹមឆ្នាំ២០៣០។
លោកអ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១“ទឹក” ត្រូវបានរំកិលមកជាអាទិភាពលំដាប់ទី៣ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ រួមមាន៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។
លោកបន្តថា រាជរដ្ឋាភិបាលកំពុងជំរុញឱ្យសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលកំណត់ថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០។

លោករដ្ឋលេខាធិការបានបន្តថា ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាសមត្ថកិច្ចគ្រប់គ្រង និងការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ហើយរដ្ឋអាចផ្តល់សិទ្ធិជូនវិស័យឯកជន ដើម្បីផ្តល់សេវានេះដោយអនុលោមតាមច្បាប់។ ហេតុនេះ លោកបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ សូមចៀសវាងមានទស្សនៈថា ប្រតិបត្តិករទឹកស្អាតឯកជនគ្រាន់ តែជាអ្នកធ្វើអាជីវកម្ម ស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។
លោកអ៊ុំ សុថាបានបន្តថា “ប្រតិបត្តិករទឹកស្អាតឯកជន គឺកំពុង ផ្តល់សេវាទឹកស្អាតជូនប្រជាជន ដែលជាប្រភេទសេវាសាធារណៈមួយ ក្នុងនាមរដ្ឋ ជំនួសរដ្ឋ និងជាកាតព្វកិច្ចរបស់រដ្ឋ ក្នុងខណៈដែលរដ្ឋយើង មិនទាន់អាចធ្វើបាននៅតាមទីកន្លែងមួយចំនួន”៕

