ដោយៈ គង់់ សូរិយា
ប្រទេសចិនៈ ជាដំណឹងដ៏រីករាយមួយ ខណៈប្រទេសចិនបានដំឡើងនាវាចម្បាំងឈ្មោះFrigateថ្មីចំនួនពីរគ្រឿង ស្ថិតក្នុង “គម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា” ជិតរួចរាល់ទាំងស្រុង១០០% ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងប្រទេសជាតិកម្ពុជា ក្នុងតំបន់និងសកម្មភាពមនុស្សធម៌នៅលើលម្អសមុទ្រ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិកម្ពុជា កាលពីថ្ងៃសុក្រ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការថា “កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានឆ្លៀតទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា” ដែលដំឡើងរួចរាល់ ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ”។
នាយឧត្តមសេនីយ៍បញ្ជាក់ថា ក្នុងដំណើរពិនិត្យនាវា Frigate ក៏បានសង្កេតឃើញថានាវាទី២ បានដំឡើងសម្រេចលទ្ធផល៥០% ផងដែរ។
ទោះអតីតរដ្ឋមន្ត្រីការពារជាតិ បានសរសេរខ្លីបែបនេះ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់ការថា យោធាចិននឹងបញ្ជូននាវាប្រភេទចម្បាំងទាំងពីរនេះ មកកម្ពុជានៅពេលណានោះទេ។
ជុំវិញបញ្ហានេះ កាសែតក្នុងស្រុកជាភាសាខ្មែរនិងអង់គ្លេសថា ពុំអាចសុំការបញ្ជាក់បន្ថែមពីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទេកាលពីម្សិលមិញ ដោយសារលោកស្រីឱ្យរង់ចាំតាមដាន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានលើកឡើងកន្លងមកថា នាវាចិនផ្តល់មកឱ្យកម្ពុជា គឺធ្វើឡើងតាមសំណើររបស់ភាគីកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពក្នុងការការពារជាតិ និងរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខ ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងការសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀត នៅលើលម្ហសមុទ្រ។
ឧត្តមសេនីយ៍ឯកបញ្ជាក់ថា កម្ពុជា ជារដ្ឋអធិបតេយ្យដែលមានសិទ្ធិពេញលេញក្នុងការកសាង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីបម្រើប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាជន ហើយកិច្ចសហប្រតិបត្តិការទាំងអស់នោះ សុទ្ធតែស្របតាមគោលបំណង និងគោលការណ៍នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ពិសេសការគោរព និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព។
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីចុងឆ្នាំ២០២៤ បានបញ្ជាក់ថា ចិន និងកម្ពុជា តែងរួមគ្នាការពារផលប្រយោជន៍ក្នុងស្ថានភាពអន្តរជាតិ ដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិននៅតែបន្តគាំទ្រកម្ពុជា ក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយបន្តចូលរួមរក្សាសន្តិភាពពិភពលោក។
លោកបានបន្ថែមថា“កម្ពុជា-ចិន មានទំនុកចិត្តទៅវិញទៅមកក្នុងការដោះស្រាយភាពស្មុគស្មាញ នៃស្ថានការណ៍អន្តរជាតិ។ ចិនគាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ”៕