កម្ពុជាចុះMOUជាមួយសាធារណរដ្ឋទួកគីលើការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិជាការធ្វើសមាហរណកម្មកម្ពុជាទៅកាន់ពិភពលោក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ។

ភាគីតួកគីតំណាងដោយ លោកជំទាវÜLKÜ KOCAEFE ឯកអគ្គ​រដ្ឋទូត នៃសាធារណរដ្ឋតួកគី ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបោះជំហានទៅមុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូន ការតភ្ជាប់ និងការសម្របសម្រួល នៅតាមច្រករបៀងកណ្តាល និងច្រករបៀង TRACECA ព្រមទាំងប្រែក្លាយប្រទេសទាំងពីរ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់តំបន់របស់ខ្លួន ដែលកម្ពុជានឹងអាចក្លាយជា Logistics Hub សម្រាប់តំបន់អាស៊ាន ខណៈតួកគីនឹងក្លាយជា Economic Hub សម្រាប់តំបន់អាស៊ីបូព៌ា និងតំបន់អឺរ៉ុប។

ថ្លែងក្នុងអង្គពិធីនាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត និងលោក Abdulkadir Uraloğlu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ដែលបានផ្តួចផ្តើមគំនិត និងគាំទ្រក្នុងការធ្វើឱ្យពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គា្ននេះអាចធ្វើទៅបានយ៉ាងរលូន។

ច្រករបៀងនេះគឺជាការតភ្ជាប់ដ៏សំខាន់មួយ សម្រាប់អាស៊ាន ដែលនឹងផ្តល់ឱកាសសម្រាប់ចរាចរណ៍ និងទំនិញនៅអាស៊ី ដើម្បីទៅដល់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងតំបន់មេឌីទែរ៉ាណេ។ ដូច្នេះក្នុងនាមជាសមាជិកអាស៊ាន ដែលមានទីតាំងយុទ្ធសាស្ត្រ និងលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ជាពិសេសតាមរយៈការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here