អ្នក​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​លើច្បាប់​ហាមឃាត់​បរទេស​មិន​ឲ្យ​ទិញ​អចលនទ្រព្យ​

0

ដោយ ​វុត្ថា​

ប្រទេស​ម៉ា​ឡេ​ស៊ីៈ​ ក្រុម​អ្នក​អភិវឌ្ឍន៍​ និង​សមាគម​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ និង​អចលនទ្រព្យ​នៃ​រដ្ឋ​Johor​ នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ខ្លួន​គិត​គូ​ ពិនិត្យ​ច្បាប់​ហាមប្រាម​មិន​អោយ​ជនបរទេស​ ទិញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ​។

លោក​ Chong​ Yoon​ On​ ប្រធាន​សមាគម​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​និង​អចលនទ្រព្យ​នៃ​រដ្ឋ​ Johor​ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​នេះ​ គឺ​ដើម្បី​ជំរុញ​ឲ្យ​ការ​លក់​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​មានសន្ទុះ​ឡើងវិញ​ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​កាលពី​ឆ្នាំ២០១៤​ កន្លងមក​នេះ​ដោយ​ជនបរទេស​មិន​អាច​ទិញ​អចលនទ្រព្យ​បាន​ ដែល​មានតម្លៃ​តិច​ជាង៣២ម៉ឺន​ដុល្លារ​អាមេរិក​។

លោក​បន្ត​ថា​ “រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើងវិញ​ នូវ​ច្បាប់​នេះ​ដោយ​កាត់បន្ថយ​មក​នៅ ១៦ម៉ឺន​ដុល្លារ​ជាង​វិញ​ សម្រាប់​អចលនទ្រព្យ​ដែល​ជា​ប្រភេទ​លំនៅ​ដ្ឋាន​”។លោក​បាន​ធានា​ដល់​ពលរដ្ឋ​ក្នុង​ស្រុក​ថា​ “ការពិនិត្យ​ច្បាប់​ឡើងវិញ​នេះ​ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ជនបរទេស​អាច​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​បាន​ ហើយ​អចលនទ្រព្យ​ទាំងនោះ​នឹង​បាត់បង់​ទៅណា​ឡើយ​ វា​នៅតែ​ស្ថិតនៅ​ក្នុង​ប្រទេស​ដដែល​ដោយ​មិនបាច់​មានការ​ព្រួយបារម្ភ​ពី​ការ​យក​ទៅ​ប្រទេស​របស់​គេ​នោះ​ទេ​”។

លោក​បន្ត​ថា​ រដ្ឋ​ Johor​ ជា​តំបន់​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ សម្រាប់​អចលនទ្រព្យ​ប្រភេទ​លំនៅ​ដ្ឋាន​ ព្រោះ​ជា​តំបន់​នៅ​ជាប់​ប្រទេស​សឹង្ហ​បុរី​ ​; ហើយ​រដ្ឋាភិបាល​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ពី​ជនជាតិ​សឹង្ហ​បុរី​ ក្នុង​ការទិញ​អចលនទ្រព្យ​ក្នុង​រដ្ឋ​Johor​ ដើម្បី​រស់នៅ​ ហើយ​ពួកគេ​នឹង​ចំណាយ​លុយ​ទៅលើ​ចំណីអាហារ​ សម្ភារៈ​ និង​វត្ថុ​ចាំបាច់​ច្រើន​ ដែល​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​។

យោង​តាម​របាយការណ៍​របស់​នាយដ្ឋាន​សេវា​អចលនទ្រព្យ​ និង​ការ​វត​ម្លៃ​បាន​លើកឡើង​ថា​ អចលនទ្រព្យ​ដែល​ជា​ប្រភេទ​លំនៅ​ដ្ឋាន​បាន​លក់​ មិន​ចេញ​មាន​ចំនួន​កើនឡើង៣០ភាគរយ​ ពោល​គឺ​មាន៣២​,៣១៣យូនី​ត ដែល​ជាពិសេស​កើនឡើង​ខ្លាំង​នៅ​ក្រុង​កូឡា​ឡាំ​ពួ​ និង​ Perak​។

របាយការណ៍​បន្ត​ថា​ ​រដ្ឋ​ធំៗ​ជាច្រើន​ កំពុង​ប្រឈម​នឹង​ការ​លក់​អចលនទ្រព្យ​មិន​ចេញ​ គឺ​នៅ​ក្រុង​ Kuala​ Lumpur​ រដ្ឋ​Johor​ និង​ រដ្ឋ​Penang​ ពោល​មាន​ ៦.៨ភាគរយ​ ៧.៨ភាគរយ​ និង៣ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here