ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំផែនទី បណ្ដាញផ្លូវក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២២ តុលាដឹកនាំដោយសហប្រធាននៃកិច្ចប្រជុំរួមមាន លោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកកិច្ចការបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកសួន សូផា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកិច្ចការពាក់ព័ន្ធនឹងការរៀបចំផែនទី បណ្ដាញផ្លូវក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

ក្នុងជំនួបពិភាក្សានេះ បានផ្លាស់ប្តូរយោបល់ និងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ជុំវិញការប្រើប្រាស់ប្រព័ន្ធទិន្នន័យ ភូមិសាស្ត្រគោល នៃព្រះរាជាណាចក្រកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងប្រើប្រាស់ ដើម្បីអភិវឌ្ឍផែនទីជាតិមួយ ដែលមានទិន្នន័យគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។
កិច្ចពិភាក្សាបានបង្ហាញពីការយល់ព្រមរួមគ្នា ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពង្រឹងការផ្ទៀងផ្ទាត់ទិន្នន័យ និងអភិវឌ្ឍប្រព័ន្ធផែនទីជាតិ សម្រាប់ប្រើប្រាស់រួមរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ៕







