ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​កូរ៉េ នឹង​ដំឡើងរថយន្ត២ម៉ឺន​គ្រឿង​នៅ​កម្ពុជា

1

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​របស់​កូរ៉េខាងត្បូង DAEHAN Auto Cambodia Co, Ltd នឹងធ្វើ​ការដំឡើង​រថយន្ត​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០១៨ខាងមុខនេះ ដែល​សមត្ថភាព​ផលិត​របស់​ក្រុមហ៊ុន​នេះ អាច​ដំឡើងរថយន្ត​បាន​ចំនួន២ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ។

ការដំឡើង​រោងចក្រ​ផលិត​រថយន្ត​នេះ នឹងធ្វើ​ឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង និង​មានការ​ចូលរួម​ពី​លោក​កែវ សុខ​ឃាង​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​តំបន់​រួច​ព​ន្ឋ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ ក្រុមហ៊ុន​នេះ​នឹង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន១០,០០០នាក់។

នៅពេល​ក្រុមហ៊ុន​នេះ​វិនិយោគ​នៅ​កម្ពុជា វា​ជា​ក្រុមហ៊ុន​ទី២ហើយ ដែល​បានធ្វើការ​ដំឡើងរថយន្ត​នៅ​កម្ពុជា និង​ទទួល​បានការ​អនុ​ញ្ញា​ត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា។

ការវិនិយោគ​បែបនេះ ឆ្លើយតប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ជា​គោលនយោបាយ​មួយ​ជួយ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​តាមបែប​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​កំលាំង​ពលកម្ម​ជំនាញ។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា កា​វិនិយោគ​បែបនេះ ជា​សញ្ញា​ល្អប្រសើរ​សម្រាប់​គាំទ្រ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា ហើយ​វា​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ដែលជា​គោលនយោបាយ​រុញ​កម្ពុជា ទៅកាន់​ដំណាក់កាល​ថ្មី​មួយ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់ខ្លួន។

លោក​បន្តថា “កំលាំងចលករ​ដែល​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា វា​ដូចជា​មិនសូវមាន​ថាមពល​ខ្លាំង​ទៀត​ទេ ហេតុនេះ​ទើប​រដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​នេះ ដើម្បី​រុញ​សេដ្ឋកិច្ចកម្ពុជា​ទៅមួយ​គន្លាក់​ទៀត”៕

1 COMMENT

  1. ខ្ញុំពិតជាចាប់អារម្មណ៍នឹងឡាននេះណាស់សូមនេះជាអាស័យដ្ឋានអ៊ីម៉ែលសូមមេត្តាទាក់ទងដើម្បីឱ្យយើងអាចនិយាយបានច្រើនពីឡាន
    fieldshayoon@gmail.com

LEAVE A REPLY

Please enter your comment!
Please enter your name here