ដោយៈ រ៉ាណេត
ប៉ោយប៉ែតៈ ក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញ ក៏ដូចជាអ្នកវិនិយោគលើវិស័យលំនៅដ្ឋានអះអាងថា កំពុងតែជួបវិបត្តិកង្វះការផ្គត់ផ្គង់បន្ទប់ស្នាក់នៅជាខ្លាំង ខណៈដែលលំហូរនៃចំនួនអ្នកវិនិយោគ និងអ្នកទៅបម្រើការងារមានការកើនឡើងយ៉ាងគំហុក។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Stars Plus Four ដែលមានការវិនិយោគទៅលើវិស័យលំនៅដ្ឋាន និងគម្រោងសាងសង់សំណង់ជាច្រើននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ថា បច្ចុប្បន្ននៅក្រុងប៉ោយប៉ែត កំពុងតែមានតម្រូវខ្ពស់លើផ្នែកស្នាក់នៅ ជាពិសេសផ្នែកបន្ទប់ជួលតែម្ដង ដោយសារតែកំណើននៃនួនអ្នកចំណូលថ្មីមានការកើនឡើងយ៉ាងកំហុក ទាំងចំនួនអ្នកវិនិយោគ ក៏ដូចជាអ្នកលក់កម្លាំងពលកម្ម។
-->
លោកបានបន្តទៀតថា“ដោយសារតែក្រុងប៉ោយប៉ែត ចាប់ផ្តើមមានកំណើនវិនិយោគពីសំណាក់ជនបរទេស ជាពិសេស ជនជាតិចិនតែម្ដង បានធ្វើឱ្យមានតម្រូវការងារខ្ពស់លើការជួលការិយាល័យ និងបន្ទប់ស្នាក់នៅផងដែរ”។ លោកបន្តថា “អ្នកវិនិយោគលើវិស័យអចលនទ្រព្យភាគច្រើន បានងាកមកធ្វើការអភិវឌ្ឍលំនៅដ្ឋានគ្រប់ប្រភេទ ដែលចំពោះតែប្រភេទបុរី បានកើនឡើងរហូតដល់ជាង២០គម្រោង មិនទាន់រាប់បញ្ចូលគម្រោងសាងសង់លំនៅដ្ឋាន និងបណ្តុំបន្ទប់ជួលដែលមានទ្រង់ទ្រាយនៅឡើយ”។
លោកសួង សុខហ៊ាងបានបន្តទៀតថា ពេលនេះបើនិយាយពីទីផ្សារនៃតម្លៃដីគឺហាក់មិនសូវមានសកម្មភាពនោះទេ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺការកើនឡើងនូវតម្លៃជួលបន្ទប់ស្នាក់នៅតែ ដោយបន្ទប់ស្នាក់នៅខ្នាតមធ្យមមានតម្លៃចាប់ពី២០០-២៥០ដុល្លារក្នុងមួយខែ ខណៈដែលបន្ទប់ប្រភេទនេះ ដូចគ្នាកាលពីឆ្នាំកន្លងទៅមានតម្លៃត្រឹម១០០-១៥០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។ លោកបានអះអាងថា ពាក់ព័ន្ធទៅនឹងតម្លៃនៃការជួលនេះ នៅឆ្នាំបន្ទាប់អាចនឹងនៅតែបន្តឡើងថ្លៃបន្តិចទៀត។
នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Advance Real Estate លោក ប៉ូ អ៊ាវគង់ បានមានប្រសាសន៍ថា ប៉ោយប៉ែតបច្ចុប្បន្ន មានភាពស្រដៀងគ្នាទៅនឹងក្រុងព្រះសីហនុកាលពីប្រមាណ៣ឆ្នាំមុន ខណៈដែលលំហូរនៃការវិនិយោគ ជាពិសេសលើវិស័យសំណង់ពីសំណាក់ជនជាតិចិនមានការកើនឡើងយ៉ាងគំហុក។ លោកបន្តថា លំហូរចូលនៃចំនួនវិនិយោគ ក៏ដូចជាអ្នកចំណូលថ្មី ពីសំណាក់បណ្តាកម្លាំងការងារ គឺវាទាមទារនូវតម្រូវការកន្លែងស្នាក់នៅ ហើយវាច្បាស់ជាកើតមានភាពកង្វះខាតលើការផ្គត់ផ្គង់ ដោយសារតែយើងមិនបានត្រៀមទុកជាមុន។
លោករំពឹងថា “ខ្ញុំយល់ថាភាពខ្វះខាតទាំងនេះ នឹងកាត់បន្ថយបន្តិចម្ដងៗ បន្ទាប់ពីបណ្តាអ្នកអភិវឌ្ឍន៍ ចាប់ផ្តើមពង្រីកបន្ថែមនូវទំហំការវិនិយោគរបស់ខ្លួន នៅត្រឹមរយៈពេល ២-៣ឆ្នាំបន្ទាប់”៕
[…] ប្រភព៖ property area […]
[…] ប្រភព៖ property area […]