លោកស្រីជា សិរីៈ ការចោទប្រកាន់ដ៏បង្កគ្រោះថ្នាក់ ដែលភ្ជាប់កម្ពុជាទៅនឹងមជ្ឈមណ្ឌលឆបោកអនឡាញ

0

ដោយៈ សហសេវិក

    ភ្នំពេញៈ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ​នៃ​កម្ពុជា ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​អ្វី ដែល​លោកស្រី​បាន​ពិពណ៌នា​ថា​ជា “ការចោទប្រកាន់​ដ៏​បង្ក​គ្រោះថ្នាក់​” ដែល​ភ្ជាប់​កម្ពុជា​ទៅនឹង​មជ្ឈមណ្ឌ​ល​ឆបោកអនឡាញ​។

លោកស្រីបាន​សង្កត់ធ្ងន់ថា “​របា​យ​ការណ៍​បែបនេះ ​មិន​តំណាងឱ្យ​រូបភាព​ពិត​របស់​ប្រទេស​នោះទេ​”។​

ថ្លែង​ក្នុង​វេទិកា​សំខាន់ៗ​ពីរ​ ដែល​បាន​ធ្វើឡើង​រួមគ្នា​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម Bloomberg នៅ​អាស៊ាន លោកស្រី សីរី បាន​និយាយថា ខណៈ​​កម្ពុ​ជាយ​ក​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​នេះ​យ៉ាង​ម៉ត់ចត់ រឿងរ៉ាវ​នេះ​មិនគួរ​មើលរំលង​សមិទ្ធផល និង​សក្តានុពល​វិនិយោគ​ដ៏​ទូលំទូលាយ​របស់​ប្រទេសជាតិ​នោះទេ​។​

លោកស្រី​បាន​ថ្លែង​កាលពី​ថ្ងៃទី ២៧ ខែតុលា នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់លោក​ស្រី​ថា “​​ព័ត៌មាន​អំពី​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា​ ជា​ការចោទប្រកាន់​ដ៏​គួរឱ្យ​ព្រួយបារម្ភ និង​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដល់​រូបភាព​ប្រទេស​។ ប៉ុន្តែ​កម្ពុជា​មិន​ដូច​ការ​ចោទ​តាម​បណ្ដាញ​​ព័ត៌មាន​នេះ​ទេ។

លោកស្រី​បាន​គូសបញ្ជាក់​ ពី​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​វិជ្ជមាន​របស់​កម្ពុជា រួមទាំង​បរិយាកាស​វិនិយោគ​អំណោយផល ការលើកលែង​ពន្ធ​សម្រាប់​គម្រោង​ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ប្រភព​ថាមពល​ស្អាត និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តេ​ជោ ​ដែល​ទើបនឹង​បើក​ដំណើរការ​ថ្មី។

លោកស្រី​បាន​គូសបញ្ជាក់ថា “​អាកាសយានដ្ឋានថ្មីនេះ​ ត្រូវ​បានផ្តល់​មូលនិធិ​យ៉ាង​ពេញលេញ និង​គ្រប់គ្រង​ដោយ​ប្រជាជន​កម្ពុជា ផ្ទុយ​ពី​ចំណងជើង​ជាច្រើនរបស់​សារព័ត៌មាន​”។​

លោកស្រី សិរី​ បាន​សង្កត់ធ្ងន់ថា មជ្ឈមណ្ឌល​បោកប្រាស់​គឺជា​បញ្ហា​សកល​ដ៏​ស្មុគស្មាញ​មួយ មិនមែន​កំណត់​ចំពោះតែ​ប្រទេស​កម្ពុជា​នោះទេ ហើយ​ទាមទារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ​ដើម្បី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​

លោកស្រី​បាន​​ថ្លែង​ថា “​​ប្រតិបត្តិការ​របស់​ពួកគេ​មាន​ភាពមិនច្បាស់លាស់ និង​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ទូទាំង​ពិភពលោក”​។ លោកស្រីបន្តថា “មជ្ឈមណ្ឌល​ឆបោក ​​មិន​ត្រឹមតែ​មាននៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​ប៉ុណ្ណោះ​ទេ តែ​កម្ពុជា​ទទួល​​រងគ្រោះ​ក៏​ដូចគ្នា​ដែរ​​​។ ​​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យើង​ត្រូវការ​កិច្ចសហប្រតិបត្តិការ មិនមែន​ចង្អុល​ដាក់​គ្នា​ឡើយ​​”។​

លោកស្រី​បានបញ្ជាក់​ជាថ្មី​ នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ ក្នុងការ​ក្លាយជា​សមាជិក​ដ៏​គួរឱ្យ​ទុកចិត្ត និង​មាន​តម្លាភាព​នៃ​សហគមន៍​ហិរញ្ញវត្ថុ​អន្តរជាតិ ដោយ​កត់សម្គាល់ថា ប្រទេស​នេះ​បាន​ពង្រឹង​វិធានការ​ប្រឆាំង​ការលាង​លុយកខ្វក់ និង​ប្រឆាំង​ហិរញ្ញប្បទាន​ភេរវកម្ម (AML/CFT)ហើយនឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​អន្តរជាតិ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​បែបនេះ​។​

ពី​ទស្សនៈ​ទូលំទូលាយ លោកស្រី​បាន​បន្ថែមថា ការកើនឡើង​នៃប្រតិបត្តិ​ការបោកប្រាស់​ ឆ្លុះបញ្ចាំង​ពី​បញ្ហា​ដ៏​ជ្រៅ​ជាង​នេះ ដែល​តម្រូវការ​ ក្នុងការ​កែលម្អ​អក្ខរកម្ម​ឌីជីថល​ នៅពេល​១ខ្សែបន្ទាត់​រវាងAI និង​ការពិត​កាន់តែ​មិន​ច្បាស់លាស់​។​

ជាមួយគ្នានេះ នៅក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល៣០​ ម៉ោង​​ ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ លោកស្រី សិរី​ ក៏បាន​ជួប​ជាមួយ​មេដឹកនាំ​អាជីវកម្ម​អាស៊ាន និង​បាន​ផ្លាស់ប្តូរ​ការយល់ដឹង​ជាមួយ​អ្នកធ្វើ​គោលនយោបាយ និង​អ្នកសិក្សា​សកល រួមទាំង​លោក Mark Carney, Kristalina Georgieva និង Jeffrey Sachs​។​

ការកត់សម្គាល់​របស់​លោកស្រី ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​ទាំងពីរ​ បានបញ្ជាក់​ជាថ្មី​អំពី​ការត្រៀមខ្លួន​ របស់​ប្រទេស​កម្ពុជា​ក្នុងការ​ចូលរួម​ប្រកបដោយ​ស្ថាបនា ​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការពារ​ភាពជឿជាក់​ផ្នែក​សេដ្ឋកិច្ច​របស់ខ្លួន និង​ធានាថា ​រឿងរ៉ាវ​របស់​​កម្ពុជា​​ត្រូវបាន​គេ​មើលឃើញ​ហួស​ ពី​ចំណងជើង​ព័ត៌មាន ​ដែល​នាំ​​ឱ្យ​​មានការ​យល់ច្រឡំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here