សមាគមCEMEAគាំទ្រពេញទំហឹងចំពោះដំណើរការសចចារសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ

0

ដោយៈ ចំណាន

    ភ្នំពេញៈ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរការចរចាសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី។

នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត “ស្ងាត់ តែមិនស្ងៀម” របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែន មានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។

សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា សូមចូលរួមអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងតួនាទីស្នូលរបស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក។

“សន្តិភាពគឺទ្រព្យដ៏ពិសិដ្ឋ មិនអាចកាត់ថ្លៃបាន” ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំងអស់គ្នាចាំបាច់ ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។

កម្ពុជា និងថៃ ជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណា រក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សុខ​ដុម​រមនា និងការអភិវឌ្ឍរួម ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការឱ្យតម្លៃគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នាដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈ ការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។

ជាថ្មីម្តងទៀត ជាមួយនឹងអំណរសាទរ ប្រកបដោយមោទនភាពនេះ សូមគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសមាជិក សមាជិកានៃរាជរដ្ឋាភិបាល សូមមានសុខភាពល្អបរិបូរណ៌ សុភមង្គល និងជ័យជម្នះលើគ្រប់ភារកិច្ចក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here