រដ្ឋមន្ត្រីក្រសួងសុខាភិបាលជម្រុញថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ត្រូវបំពេញការងារដោយបុរេសកម្មដើម្បីបម្រើសេវាឱ្យកាន់តែប្រសើរដល់ប្រជាជន

0

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្ដជំរុញលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្ដ្រី-បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្ដសហការគ្នា បំពេញការងារប្រកបដោយបុរេសកម្ម ដើម្បីធានាបានការបម្រើសេវាឱ្យកាន់តែល្អប្រសើរ និងនៅកៀកនឹងប្រជាជន។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ទីរពេទ្យទាំងអស់ ត្រូវជំរុញការបម្រើសេវាសុខាភិបាលដល់ប្រជាជនឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ ពិសេសត្រូវណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាល ឱ្យមានស្មារតីរួបរួមគ្នា សហការគ្នា បុរេសកម្ម បង្កើតសកម្មភាព ដើម្បីជំរុញការងារឱ្យកាន់តែល្អប្រសើរ និងរលូនទៅមុខ ហើយត្រូវកែលម្អនូវចំនុចដែលខ្វះខាត និងមិនទាន់ល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចឱ្យថ្នាក់ដឹកនាំ បន្តចុះពង្រឹងមណ្ឌលសុខភាពជុំទី២ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល ក្នុងការចុះពិនិត្យផ្ទៀតផ្ទាង និងជួយគាំទ្រផ្នែកបច្ចេកទេស រដ្ឋបាល ដើម្បីធានាបានការបម្រើសេវាឱ្យកាន់តែល្អប្រសើរ និងនៅកៀកនឹងប្រជាជន។

បន្ថែមពីនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ ដែលជាកត្តាសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជន ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវខ្ពស់ ក្នុងនាមអ្នកវិជ្ជាជីវៈសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here