ដោយៈ ម៉ាណា
ភ្នំពេញៈ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងប្រកាសថ្កោលទោសយ៉ាងដាច់ខាត ចំពោះអំពើហិង្សារបស់កងកម្លាំងថៃ ដែលបានបើកការបាញ់ប្រហារ មកលើប្រជាជនស៊ីវិលកម្ពុជា ដែលកំពុងរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង៣៖៥០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋកម្ពុជា៣នាក់រងរបួសធ្ងន់ធ្ងរ និង១នាក់បាត់បង់ជីវិត។
អំពើប្រើប្រាស់កម្លាំងប្រដាប់អាវុធបែបនេះ គឺផ្ទុយស្រឡះទៅនឹងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខាជាមួយគ្នាកន្លងមក ជាពិសេស ការប្តេជ្ញាដោះស្រាយបញ្ហា ព្រំដែនតាមផ្លូវសន្តិវិធី តាមរយៈយន្តការគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលត្រូវធ្វើការវាស់វែងដីបោះ បង្គោលបណ្តោះអាសន្ន និងរក្សាស្ថានភាពដើមរហូតដល់មានការសម្រេចចុងក្រោយ។






