សម្ដេចតេជោ៖ កាលមុនគេយកពាក្យ “អរគុណសន្ដិភាព” លេងសើច តែពេលនេះទើបស្គាល់តម្លៃ, អ្នកដែលឌឺដងពាក្យ “អរគុណសន្ដិភាព” ភ្លឺភ្នែកនៅពេលនេះ

0

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កាលមុនគេយកពាក្យ អរគុណសន្ដិភាព លេងសើច ប៉ុន្ដែពេលនេះទើបស្គាល់តម្លៃ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលឌឺដងពាក្យ «អរគុណសន្ដិភាព» ភ្លឺភ្នែកនៅពេលនេះ។

ភ្ជាប់ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា មានអ្នកដែលឌឺដងចំពោះពាក្យ «អរគុណសន្ដិភាព» និងពាក្យ «ស្ងាត់តែមិនស្ងៀម» ប៉ុន្តែ អ្នកឌឺដងពាក្យទាំងពីរនេះ គឺភាគច្រើនរបស់នៅក្រៅស្រុក។

ការថ្លែងបែនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ពីមុនគេយកពាក្យអរគុណសន្តិភាព ធ្វើជាការលេងសើច ប៉ុន្តែ អីឡូវក្រោយពេលផ្ទុះអាវុធ បានទទួយលស្គាល់ហើយពាក្យអរគុណសន្តិភាព មិនសាមញ្ញទេ កុំចាំបាច់បាត់សន្តិភាព បានស្រែករកសន្តិភាព»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នា ការពារ និងថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងរឹងមាំ។ ចំណុចនេះ វាស្ថិតនៅក្នុងចំណែកតូចមួយនៃដែនដី និងពេលវេលា ក៏ប៉ុន្តែ វាក៏មានឥទ្ធិពលចំពោះប្រទេសទាំងមូលផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើយើងពិនិត្យមើលអំពីដែនដីនៃជម្លោះវាមានទំហំតូចណាស់ បើប្រៀបធៀបជាមួយដែនដីដែលមានសន្តិភាព។ ពេលវេលាវាតិចណាស់ បើប្រៀបធៀបនឹង២៤ម៉ោង លើ២៤ម៉ោង ភាពរអាក់ រអួលនៅកន្លែងតូចតាចមួយចំនួន ដូច្នេះ គ្រាន់តែប៉ុណ្ណឹងវាបង្កើតបាននូវបញ្ហាសម្រាប់កង្វល់របស់អ្នកខាងក្រោយទៅហើយ។ ចុះទម្រាំបាត់សន្តិភាពទូទាំងប្រទេសទៀត វាយ៉ាងម៉េច?។

«អ៊ឹចឹងទេ ពាក្យអរគុណសន្តិភាពដែលមុននេះ គឺឌឺដាក់យើង អីឡូវភ្លឺភ្នែកហើយ ឬនៅ? មិនមែនជាចៃដន្យនោះទេ ដែលយើងដាក់ចេញនូវចំណុចនេះ អីឡូវគេឌឺនូវាពាក្យថា «ស្ងាត់តែមិនស្ងៀម» ទៀត គឺឌឺទៀត។ ប៉ុន្តែ អ្នកឌឺពាក្យនេះ មិននៅក្នុងស្រុក វានៅក្រៅស្រុក»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកដល់បុគ្គលជ្រុលនិយមព្យាយាមវាយប្រហាររាជរដ្ឋាភិបាល និងដាស់តឿនដល់ជនរួមជាតិទាំងអស់គ្នា សូមគិតឱ្យបានច្បាស់នូវគោលដៅរបស់កម្ពុជា គឺត្រូវការសន្តិភាពវិលត្រឡប់ ទំនាក់ទំនងជិតខាងល្អ ត្រូវបានជួសជុល និងកសាង។ ខណៈបច្ចុប្បន្ននេះ មានយន្តការជាច្រើនកំពុងតែដំណើរការ។ ឧទាហរណ៍គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានប្រជុំ និងបានពិនិត្យ ព្រមទាំងបានដើរវាស់បង្គោលព្រំដែនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អនុស្សារណៈយោគគ្នារវាងកម្ពុជា និងថៃ នៅឆ្នាំ២០០០ គឺបានធ្វើឡើងត្រឹមតែដើររកបង្គោលព្រំដែនចាស់នោះទេ ប៉ុន្តែ មិនទាន់បានកំណត់ខ្សែព្រំដែននៅកន្លែងណានោះទេ។ ប៉ុន្តែ បច្ចុប្បន្ននេះ គឺដល់ដំណាក់កាលដែលគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលភាគីទាំងពីរ បានទទួលស្គាល់ទាំងសងខាងហើយ។ ដូច្នេះ សូមទុកភារកិច្ចបោះបង្គោលព្រំដែនរវាងប្រទេសថៃ និងកម្ពុជា បំពេញការងារតាមជំនាញ សូមកុំមកស្រែកតាមអំពើចិត្តឱ្យសោះ និងមិនតម្រូវឱ្យប្រធានព្រឹទ្ធសភា ចេញមកនិយាយនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្ដេចមានសិទ្ធិពន្យល់ប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាល ជុំវិញបញ្ហាព្រំដែនរវាងប្រទេសជិតខាងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here