ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពលបានអញ្ជើញចុះហត្ថលេខាលើកកិច្ចព្រមព្រៀង វិនិយោគទុកធនធានរ៉ែចំនួន២កន្លែងបន្ថែមទៀត ជាមួយក្រុមហ៊ុនRenaissance នៅខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ។
គម្រោងទាំងពីរនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ១៥០០ លានដុល្លារអាមេរិក នៅក្នុងរយៈពេលនៃអាជីវកម្មរ៉ែទាំងមូល។
-->
ពិធីចុះហត្ថលេខាដែលបានប្រារពធ្វើកាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងមកនេះ ធ្វើឡើងក្រោមអធិបតីភាពលោកកែវ រតនៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា អនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការទាក់ទាញវិនិយោគិនបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានាដល់វិនិយោគិន និងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលចំពោះអ្នកវិនិយោគ រាជរដ្ឋាភិបាលកម្ពុជា បានបន្តគាំទ្រដោយអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានៃរ៉ែចំនួន២ជាមួយក្រុមហ៊ុន Renaissance នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងនេះរួមមាន (១) កិច្ចព្រមព្រៀងកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលបន្ថែមគម្រោងអណ្តូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាស បានប្រមាណ១០តោន បន្ថែមទៅលើជម្រករ៉ែម៉ាសចាស់ចំនួនប្រមាណ៣៤តោន។
គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ១០០០ លានដុល្លារអាមេរិក ដែលរួមមានសួយសារ និងសារពើពន្ធផ្សេងៗ និង (២) កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ (រ៉ែមាស) នៅតំបន់ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ២៦តោន ក្នុងអាយុកាល៧ឆ្នាំនៃអណ្ដូងរ៉ែបើក។
គម្រោងបន្ថែមនេះ ជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើន រវាងរាជ រដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវិឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដោយគម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ៥៨៣លានដុល្លារ ដែលរួមមានសួយសារសារពើពន្ធផ្សេងៗ និងបង្កើតការងារប្រមាណ៥០០កន្លែង។
កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពលចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ហើយគម្រោងនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាសចាប់ ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ផលិតមាសសុទ្ឋបានសរុបប្រមាណ១៦តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន២៧,៣លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន៩៩,១លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន៦៩៧កន្លែង ដែលក្នុងនោះបុគ្គលិកខ្មែរមានចំនួន៦៤៥នាក់។
ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិសម្រាប់អភិវឌ្ឍសហគមន៍ មូលដ្ឋានចំនួន៥០,០០០ដុល្លារអាមេរិក/ឆ្នាំ និងចូលរួមសកម្មភាពសង្គមផ្សេងៗដូចជា ការដាំកូនឈើជាង១០ម៉ឺនដើមនៅតំបន់គោលដៅទេសចរណ៍ចម្បង ស្ថិតនៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជីកអណ្តូងទឹកជូនដល់សហគមន៍មូលដ្ឋាន ឧបត្ថម្ភសម្ភារៈសិក្សាផ្សេងៗ នៅតាមសាលារៀននានា ផ្ដល់ពូជឈើសម្រាប់ បណ្តុះនៅសាលារៀនរួច ទិញត្រឡប់មកវិញ ដើម្បីដាំស្តារការដ្ឋានរ៉ែ ។ល៕

