ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមការងារបច្ចេកទេសនៃអង្គការJICA នឹងចាប់ផ្តើមមកអនុវត្តការងារសិក្សារបស់ខ្លួន នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ និងរៀបចំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងនេះ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមករា ឆ្នាំ២០២៦ ខាងមុខ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្តាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA Headquarter)។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនៃទីស្នាក់ការកណ្តាលទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA Headquarter) ដឹកនាំដោយលោក MANIWA Taisuke ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ-មន្រ្តី នៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និងអ្នកជំនាញការJICA។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ អំពីវឌ្ឍនភាពនៃការរៀបចំ គម្រោងអភិវឌ្ឍន៍ផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់ ដែលបច្ចុប្បន្ន JICA បានជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងនេះរួចរាល់៕








