សភាពាណិជ្ជកម្មកម្ពុជាចុះMOU ជាមួយសមាគមអ្នកម៉ៅការជួសជុល និងអ្នកផ្គត់ផ្គង់សម្ភារៈសំណង់សិង្ហបុរី

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ  អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា(MOU)រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមអ្នកម៉ៅការជួសជុល និងអ្នកផ្គត់ផ្គង់សម្ភារៈសំណង់សិង្ហបុរី។

ភាគីសឹង្ហបុរីតំណាងដោយ ដាតុ បណ្ឌិត ស្កាយ តាន់ ខេអិល (Dato’ Dr. Sky Tan KL) ប្រធានសមាគមអ្នកម៉ៅការជួសជុល និងអ្នកផ្គត់ផ្គង់សម្ភារៈសំណង់សិង្ហបុរី ។

គោលបំណងសំខាន់ នៃអនុស្សរណៈយោគយល់នេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែន និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ ក្នុងវិស័យសំណង់ ការរចនាតុបតែងផ្នែកខាងក្នុងអគារ និងការផ្គត់ផ្គង់សម្ភារៈសំណង់នៅកម្ពុជា ឲ្យស្របតាមដំណើរវិវត្តន៍ដ៏ឆាប់រហ័សនៃវិស័យនេះ។

ចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរួមមានដូចជា ទី១ ជំរុញភាពជាដៃគូ និងការរៀបចំផ្គូផ្គងធុរកិច្ច រវាងសមាជិកនៃស្ថាប័នទាំងពីរ។ ទី២ ចែករំលែកបទពិសោធន៍ និងគោលប្រតិបត្តិល្អៗ ក្នុងវិស័យថែទាំជួសជុលអគារ ការរចនាតុបតែងផ្នែកខាងក្នុងអគារ ក្នុងស្ថាបត្យកម្ម និងសំណង់។

ទី៣ រៀបចំព្រឹត្តិការណ៍រួមគ្នា ដើម្បីជំរុញធុរកិច្ចនិងវិនិយោគ ដូចជា ការតាំងពិព័រណ៍ បេសកកម្មពាណិជ្ជកម្ម កម្មវិធីបណ្តុះបណ្តាល និងវេទិការចនាម៉ូដ។ ទី៤ លើកទឹកចិត្តឲ្យមានគោលប្រតិបត្តិប្រកបដោ​យក្រមសីលធម៌ គោរពតាមស្តង់ដារឧស្សាហកម្មអន្តរជាតិ និងទទួលយកដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here