ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុនRMA Cambodia វិទ្យាស្ថានBendigo Kangan Institute (BKI) របស់ប្រទេសអូស្ត្រាលី និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា មានមហិច្ឆតាប្រែក្លាយកមម្ពុជា ជាក្លាយជាបណ្តុំ នៃការបណ្តុះបណ្តាលវីជ្ជាជីវៈ លើវិស័យយានយន្តកម្រិតអាស៊ាន។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងពេលលោក ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន RMA Cambodia វិទ្យាស្ថានBendigo Kangan Institute (BKI) របស់ប្រទេសអូស្ត្រាលី និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (Automotive Centre of Excellence in Cambodia – ACEC) ដឹកនាំដោយលោកស្រីBridget Collier អនុប្រធានបេសកកម្មទូត នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលACEC។
-->
កិច្ចពិភាក្សាកាលពីព្រឹកថ្ងៃទី២០ វិច្ឆិកាកន្លងមកនេះ ក៏ពិនិត្យលទ្ធភាព ក្នុងការផ្សារភ្ជាប់កិច្ចការងាររបស់មជ្ឈមណ្ឌលACEC ទៅនឹងការផ្តល់អនុសាសន៍ និងតាមដាននិងវាយតម្លៃគោលនយោបាយ ក្រោមយន្តការគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) នៃទីស្តីការគណៈរដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា
គម្លាតនៃប្រភេទជំនាញ និងគុណភាពជំនាញ នៅក្នុងទីផ្សារជាមួយនឹងតម្រូវការ ជំនាញជាក់ស្តែង ទាំងក្នុងវិស័យផលិតយានយន្ត ក៏ដូចជាវិស័យដទៃទៀត គឺជាបញ្ហាប្រឈមសំខាន់មួយ ដល់ការអភិវឌ្ឍ និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការលើកកម្ពស់ជំនាញ ដែលជាផ្នែកមួយនៃការកសាងមូលធនមនុស្ស ជារបៀបវារៈគោលនយោបាយដ៏សំខាន់ ដើម្បីលើកកម្ពស់ ផលិតភាពនៃកម្លាំងពលកម្ម និងបង្កើនភាពប្រកួតប្រជែង ក៏ដូចជាការលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរបស់និយោជិត។
តំណាងគណៈប្រតិភូបានបញ្ជាក់ថា មជ្ឈមណ្ឌលACEC ជាគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយផ្តោតលើការរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញ ជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត (TVET in Automotive Sector) ក្រោមកិច្ចសហការរវាងក្រុមហ៊ុន RMA Cambodia វិទ្យាស្ថានBKI របស់ប្រទេសអូស្ត្រាលី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនិទានកម្មនៃការបង្កើតមជ្ឈមណ្ឌលACEC នេះឡើងគឺដោយសារ ការមើលឃើញពីភាពមានកម្រិត ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យយានយន្តនៅកម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនជួបបញ្ហាប្រឈមជាប្រចាំ ក្នុងការរក្សាបាននូវបុគ្គលិកជំនាញ ក្នុងរយៈពេលវែង ស្របពេលដែលតម្រូវការជំនាញក្នុងវិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់។
មជ្ឈមណ្ឌលនេះ ត្រូវបានរៀបចំដោយផ្អែកលើគំរូ អនុវត្តន៍របស់មជ្ឈមណ្ឌលAutomotive Centre of Excellence (ACE) របស់ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់ប្រព័ន្ធកម្មសិក្សាវិជ្ជាជីវៈ (Apprenticeship System) ដែលអាចអនុញ្ញាតឱ្យសិស្សនៅមជ្ឈមណ្ឌលទទួលបានការបណ្តុះបណ្តាល និងការអនុវត្តការងារក្នុងពេលតែមួយ។
គំនិតផ្តួចផ្តើមនេះ មានមហិច្ឆតាជួយជំរុញឱ្យកម្ពុជា ក្លាយជាបណ្តុំនៃការបណ្តុះបណ្តាលវីជ្ជាជីវៈលើវិស័យយានយន្ត (Hub for Automotive Vocational Training) នៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានផែនការបណ្តុះបណ្តាល ជាលក្ខណៈអន្តរជាតិលើវិស័យផ្សេងទៀតផងដែរនាពេលអនាគត។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍជំនាញ និងស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការគិតគូររៀបចំឱ្យមាននូវផែនទីជំនាញ (Skill Mapping) និងក្របខ័ណ្ឌអភិវឌ្ឍន៍ជំនាញច្បាស់លាស់ តាមរយៈការបង្កើនជំនាញ (Upskill) និងការបណ្តុះបណ្តាលជំនាញឡើងវិញ(Reskill) ព្រមទាំងជំរុញការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋចំពោះការឱ្យតម្លៃ និងការចាប់យកជំនាញTVET ផងដែរ។
លោកវង្សី វិស្សុតបានបន្តថា គំនិតផ្តួចផ្តើមរបស់ ACEC ពិតជាដើរតួនាទីសំខាន់ ក្នុងការជំរុញTVET នៅកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព សំដៅទាក់ទាញ និងជំរុញការវិនិយោគវិស័យឧស្សាហកម្មយានយន្ត ហើយក៏ជាមូលដ្ឋានចាំបាច់សម្រាប់វិស័យដទៃទៀត ដែលនឹងរួមចំណែកដល់ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់កំណើនផលិតភាពការងារ ពិសេសការធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច ដោយផ្អែកលើផលិតភាពការងារ៕
