ក្រុមការងារអន្តរក្រសួងពិភាក្សាលើសេចក្តីព្រាងស្តង់ដានីតិវិធីប្រតិបត្តិនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តីបានអញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួងពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងស្តង់ដា នីតិវិធីប្រតិបត្តិនៃវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន(G-PSF-SOPs) និងការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការអនុវត្តវិធានការដាក់ចេញ ដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF-MIS)។

កិច្ចប្រជុំនេះបានធ្វើឡើង នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.រ.ជ.) ក្រោមអធិបតីភាព របស់លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាននៃគ.ស.រ.ជ.។

កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមផងដែរ ពីសំណាក់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.) និងថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសមកពីក្រុមការងារទាំង១៦ របស់រាជរដ្ឋាភិបាល និងផ្នែកឯកជនពាក់ព័ន្ឋ។

លោកនុត អ៊ុនវ័ណរ៉ា បានរំលេចពីសារៈសំខាន់នៃការរៀបចំ G-PSF-SOPs និងG-PSF-MIS ដែលជាឧបករណ៍ដ៏សំខាន់ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ឱ្យកាន់តែមានប្រសិទ្ធភាពឆាប់រហ័ស និងមានប្រសិទ្ធផលខ្ពស់ ស្របតាមការវិវត្តសង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន សំដៅប្រមូល ចងក្រង និងរក្សាទុកនូវធាតុចូល បញ្ហាប្រឈមលើកឡើងពីវិស័យឯកជន និងដំណោះស្រាយតាមប្រព័ន្ធឌីជីថល ដែលបង្កលក្ខណៈងាយស្រួល ដល់ការប្រតិបត្តិការងារ ការចូលរួមចំណែកពង្រឹងបរិយាកាសធុរកិច្ច និងលើកស្ទួយកំណើននិងសក្ដានុពលសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ លោកប្រធានអង្គប្រជុំ បានយកឱកាសនេះថ្លែងអំណរអរគុណដល់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ដែលផ្តល់ការគាំទ្រលើយន្តការG-PSF ពិសេសការគាំទ្រផ្នែកបច្ចេកទេស ពាក់ព័ន្ធនានានាពេលកន្លងមក រាប់បញ្ចូលទាំងការរៀបចំ G-PSF-SOPs និងG-PSF- MIS ផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន ដែលតំណាងឱ្យផ្នែកឯកជន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាននៃគ.ស.រ.ជ. ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ដែលបាននិងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់កិច្ចសម្របសម្រួល ជាមួយនឹងវិស័យឯកជនក្រោមក្របខណ្ឌយន្តការ G-PSF និងជាពិសេសក្នុង ការរៀបចំ G-PSF-SOPs និង G-PSF-MIS ដើម្បីអាចដាក់ឱ្យប្រើប្រាស់បាន នាពេលដ៏ខ្លីខាងមុខ តបតាមសំណូមពរដ៏ទទូចរបស់វិស័យឯកជន។

ក្នុងនាមផ្នែកឯកជន អ្នកឧកញ៉ា បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលធ្លាប់បានកើតឡើង ក្នុងដំណើរការងារក្រោមក្របខណ្ឌយន្តការG-PSF និងបានទទួលស្គាល់ថា G-PSF-SOPs និង G-PSF-MIS នឹងក្លាយជាឧបករណ៍ បំពេញបន្ថែមថ្មីមួយទៀត គាំទ្រដល់ការដោះស្រាយភាពមិនទាន់ស៊ីសង្វាក់គ្នា មួយចំនួនរវាងក្រុមការងាររាជរដ្ឋាភិបាលនិងផ្នែកឯកជន ក្នុងការអនុវត្តការងារកន្លងមកផងដែរ។

ជាមួយគ្នានេះ ស្ថាប័នជំនាញអូស្រ្តាលី បានប្តេជ្ញាចូលរួមសហការ និងសម្របសម្រួលឱ្យបានល្អជាមួយនឹងគ្រប់អង្គពាក់ព័ន្ធ ដើម្បីជំរុញឱ្យកិច្ចការងារខាងលើសម្រេចបាន ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ចំណែកលោក Paul Keogh នាយកកម្មវិធីCAPRED ក៏លើកឡើងផងដែរថា រដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រ ការលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពការងារស្ថាប័ន និងមានក្តីមោទនក្នុងការគាំទ្រដល់ដំណើប្រតិបត្តិរបស់យន្តការG-PSF ដែលបានចូលរួមចំណែកលើកកម្ពស់បរិស្ថានធុរកិច្ចនិងវិនិយោគ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាហើយយល់ថា កិច្ចការដែលយើងទាំងអស់គ្នា បាននឹងកំពុងរៀបចំនេះ គឺដើម្បីធានាថាយន្តការវេទិកា នៃការសន្ទនាដ៏មានសារៈសំខាន់មួយ នេះនៅតែមានប្រសិទ្ធភាព និងរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here