ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ អ្នកឧកញ៉ាគិត ម៉េងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group នឹងសាងសង់អាគារភ្លោះកំពស់ខ្ពស់ជាងគេនៅទីក្រុងភ្នំពេញ ដែលស្ថិតនៅទីតាំងប្រសព្វគ្នារវាងមហាវិថីមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ី។
អាគារពាណិជកម្មនេះ មានកំពស់រហូតដល់៦២ជាន់ និងកំពស់សរុបចំនួន២៣០ម៉ែត្រ និងដាក់ឈ្មោះថា ROYAL ONE ។នេះបើតាមការឲ្យដឹងពីបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននេះ។
-->

អ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមហាសេដ្ឋីលេចធ្លោមួយរូប ក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀត ដែលតែងតែមានយុទ្ឋសាស្ត្រធ្វើជំនួញខុសពីគេ ដោយលោកបានប្រើប្រាស់យុទ្ឋសាស្ត្រសមុទ្រខៀវ ជាយុទ្ឋសាស្ត្រ ដែលចាប់យកជំនួញថ្មី និងមិនទាន់មាននៅកម្ពុជា ដើម្បីនាំមុខគេក្នុងវិស័យជំនួញរបស់លោក។
តាមព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា ក្រុមហ៊ុន Royal Group នឹងសហការជាមួយក្រុមហ៊ុនវិនិយោគមកពីកោះតៃវ៉ាន់ ដើម្បីសាងសង់អាគារនេះនៅក្នុងឆ្នាំ២០១៨ខាងមុខ។

មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងមានកំពស់ខ្ពស់នេះមានបណ្តុំដោយការិយាល័យ ខុនដូ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា អ្វីសំខាន់គឺទុន ប្រសិនជាអ្នកអភិវឌ្ឍន៍មានទុនគ្រប់គ្រាន់ មិនមានបញ្ហារឿងទំហំអាគារនេះនោះទេ ផ្ទុយទៅវិញវានឹងទទួលបានជោគជ័យ។លោកបន្តថា អ្នកវិនិយោគចិន តៃវ៉ាន់ មានគំរោងជាច្រើន ដោយពួកគេមិនគិតពីការលក់ផង គឺគិតតែសាងសង់បញ្ចប់ ហេតុនេះទីផ្សារនៅកម្ពុជាសម្រាប់អាគារធំបែបនេះ នៅតែល្អ ព្រោះវាត្រូវការចំណាយពេលសាងសង់៥ទៅ៧ឆ្នាំ គឺជាពេលដែលសមស្របទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ច សង្គមកម្ពុជា។
លោកបន្តថា “ខ្ញុំជឿជាក់លើគាត់ (ឧកញ៉ាគិត ម៉េង) និងដៃគូរបស់គាត់ ដែលអាចនឹងធ្វើឲ្យគំរោងនេះជោគជ័យ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL លោកឧកញ៉ាចេង ខេងបានថ្លែងឲ្យដឹងផងដែរថា ប្រសិនជាសាងសង់អាគារនេះ នៅទីតាំងនេះពិតជាល្អ ណាស់ ព្រោះវាជាទីតាំងនៃ Landmark សម្រាប់ក្រុងភ្នំពេញ ហើយទីតាំងនេះមានចំណុចពិសេសមួយទៀត គឺមានផ្លូវបែកខ្នែង ដែលមិនបង្កឲ្យមានការលំបាកក្នុងការធ្វើចរាចរណ៍ឬកកស្ទះចរាចរណ៍។
លោកបន្តថា “នៅពេលនិយាយពីចំនួនផ្គត់ផ្គង់ខុនដូ និងអាគារខ្ពស់នៅស្រុកខ្មែរ មិនទាន់បាន១០ទៅ២០ភាគរយនៃប្រទេស ជិតខាងយើងនៅឡើយ តែអ្នកខ្លះថាវាលើសតម្រូវការ តែការពិតវាមិនមានអ្វីលើសតម្រូវការនៅឡើយទេ។លោកបន្តថា “អ្វីសំខាន់អ្នកអភិវឌ្ឍន៍មានយុទ្ឋសាស្ត្រ នៃរកដៃគូលក់ដែលមានវិជ្ជាជីវៈត្រឹមត្រូវ គំរោងនេះនឹងទទួលបានជោគជ័យមិនខាន”៕