ដោយៈ គង់ សូរិយា
កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ កំពូងរង់ចាំស្ពាន និងផ្លូវតភ្ជាប់ដ៏សំខាន់នេះ ប៉ុន្តែគំរោងនេះទំនងជាត្រូវពន្យាពេលតទៅមុខទៀត។
យោងតាមប្រភពផ្លូវការបានឲ្យដឹងថា គម្រោងផ្លូវជាតិលេខ ៥០សេ (50C) ប្រវែង៥៨គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេសាប ខេត្តកំពង់ឆ្នាំង-កំពង់ធំ ប្រវែង៣៣០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេមួយនៅកម្ពុជា ដែលប្រើប្រាស់ថវិកាក្រោមហិរញ្ញប្បទាន របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដោយត្រូវចរចាតម្លៃជាមួយមិត្តចិន ដើម្បីអាចឈានទៅបើកការដ្ឋាន សាងសង់ឱ្យបានឆាប់បំផុត ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងការសិក្សាសមិទ្ធិលទ្ធភាពដំបូង។
-->
គំរោងនេះ គ្រោងចំណាយថវិកាប្រមាណ១៥០លានដុល្លារ ព្រមជាមួយនិងការសាងសង់ស្ពានឆ្លងទន្លេសាប ខេត្តកំពង់ឆ្នាំង-កំពង់ធំ ប្រវែង៣៣០០គ.ម ដែលគ្រោងចំណាយថវិកាប្រមាណ១០០លានដុល្លារ ដែលទាំងពីរនេះ នឹងប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិន ដែលនឹងទទួលបន្ទុកស្ថាបនា ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) និងត្រួតពិនិត្យគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

ទីតាំងធ្វើផ្លូវ៥០សេ ស្ថិតនៅក្នុងតំបន់ទន្លេសាបប្រមាណ ១៥០ហិកតា។ ផ្លូវនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ផ្លូវនេះដែរ ក៏មានលូប្រមាណ១០០លូ និងស្ពាន៥ឯណោះ ដែលមិនមានផលប៉ះពាល់ការចល័តរបស់មច្ឆជាតិនោះទេ។
ផ្លូវនេះ នៅពេលសាងសង់រួចរាល់ទាំងស្រុង អាចបំព្រួញចម្ងាយធ្វើដំណើរពីជាង១០០គ.ម ឱ្យនៅសល់ត្រឹមតែ៥៨គ.ម គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែនខេត្តកំពង់ធំ៕
