ការលក់អាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់អាមេរិកហក់ឡើង២៥ភាគរយនៅក្នុងខែវិច្ឆិកា

0

ដោយ: សហសេវិក
អន្តរជាតិ: ការលក់អាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែវិច្ឆិកា ដោយបន្ធូរបន្ថយការព្រួយបារម្ភថា ការជាប់ឆ្នោតជាអភិបាលក្រុងញូវយ៉ករបស់លោក Zohran Mamdani នឹងជំរុញឱ្យក្រុមអ្នកមានចាកចេញ។

យោងតាមទីភ្នាក់ងារវាយតម្លៃ Miller Samuel និងក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យ Douglas Elliman បានឱ្យដឹងថា ការលក់អាផាតមុិននៅសង្កាត់ Manhattan សម្រេចបានចំនួន១៧៦យូនីតនៅខែវិច្ឆិកា ដែលមានតម្លៃចាប់ពី៤លានដុល្លារអាមេរិក។

តួលេខខាងលើនេះបង្ហាញពីការកើនឡើង២៥ភាគរយ បើធៀបនឹងការលក់អាផាតមុិនចំនួន១៤១យូនីតកាលពីខែតុលា។ អាផាតមុិនដែលបានលក់ចេញទាំងនោះ រួមមានអាផាតមុិននៅគម្រោង The 74 នៅតំបន់ Upper East Side និងគម្រោង 53 West 53rd St នៅតំបន់ Billionaires’ Row ដែលត្រូវបានទិញក្នុងតម្លៃប្រហែល២៤លានដុល្លារក្នុងមួយយូនីត។

មុនពេលការបោះឆ្នោតជ្រើសរើសអភិបាលក្រុង ក្រុមអ្នករិះគន់បានព្រមានថា ការជាប់ឆ្នោតរបស់លោក Mamdani នឹងអាចធ្វើឱ្យក្រុមអ្នកមានចាកចេញ ដែលជះផលប៉ះពាល់ដល់ចំណូលពន្ធ និងទីផ្សារលំនៅឋានរបស់ទីក្រុងញូវយ៉ក។

ទោះជាយ៉ាងណា ក្នុងរយៈពេលមួយខែ បន្ទាប់ពីជ័យជម្នះរបស់លោក Mamdani ក្រុមអ្នកមានហាក់មិនមានការព្រួយបារម្ភនោះទេ។

ផ្ទុយទៅវិញ ការស្ទុះងើបឡើងថ្លៃនៃទីផ្សារភាគហ៊ុន Wall Street បានលើកទឹកចិត្តឱ្យក្រុមអ្នកមានកាន់តែច្រើនទិញផ្ទះក្នុងខែវិច្ឆិកា។ នេះបើយោងតាមលោកស្រី Donna Olshan ប្រធានក្រុមហ៊ុន Olshan Realty៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here