ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ជំរុញឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ហ្វីលីពីនធ្វើពិពិធកម្មផលបត្ររបស់ខ្លួន និងផ្តោតលើគម្រោង ដែលជំរុញដោយបច្ចេកវិទ្យា និងឧស្សាហកម្ម ខណៈឆ្នាំ២០២៦ ខិតជិតមកដល់។
យោងតាមទស្សនវិស័យទីផ្សារអចលនទ្រព្យហ្វីលីពីនឆ្នាំ២០២៦ ក្រុមហ៊ុន Colliers បានអះអាងថា ទីផ្សារនឹងប្រឈមមុខទាំងបញ្ហាប្រឈម និងឱកាស។ ដូច្នេះ បណ្តាអ្នកអភិវឌ្ឍន៍ត្រូវតែសម្របខ្លួន និងមានភាពធន់នឹងអនាគតដើម្បីរក្សាភាពប្រកួតប្រជែង។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ក៏បានព្រមានផងដែរថា បណ្តាអ្នកអភិវឌ្ឍន៍ ដែលមិនធ្វើពិពិធកម្មផលបត្រ និងទីតាំងវិនិយោគរបស់ខ្លួន នោះពួកគេនឹងមិនអាចប្រកួតប្រជែងបានឡើយ ខណៈតម្រូវការមានភាពប្រែប្រួល។
-->
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានលើកឡើងថា ការសម្របខ្លួន និងនវានុវត្តន៍ ឬភាពច្នៃប្រឌិតនឹងកំណត់ភាពជោគជ័យរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

ទីផ្សារការិយាល័យនៅក្នុងទីក្រុងម៉ានីលត្រូវបានគេរំពឹងថា នឹងងើបឡើងវិញបន្តិចម្តងៗ ខណៈតម្រូវការនឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៦។ ការផ្គត់ផ្គង់ការិយាល័យថ្មីប្រចាំឆ្នាំចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ នឹងមានចំនួនប្រហែល៣៥០.០០០ម៉ែត្រការ៉េ ដែលទាបជាងកម្រិតមុនវិបត្តិជំងឺរាតត្បាត។ ការណ៍នេះនឹងធ្វើឱ្យអត្រាការិយាល័យទំនេរមានស្ថិរភាព។
តំបន់ពាណិជ្ជកម្មកណ្តាល Makati និងតំបន់ Bonifacio Global City នៅរដ្ឋធានីម៉ានីលត្រូវបានគេព្យាករណ៍ថា នឹងជំរុញកំណើននៃតម្លៃជួលការិយាល័យ។
ទីផ្សារខុនដូលំនៅឋាននឹងនៅតែជាទីផ្សាររបស់អ្នកទិញ ខណៈតួលេខខុនដូដែលលក់មិនដាច់នៅទីក្រុងម៉ានីលមានចំនួនជាង៣០.០០០យូនីតគិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ៕ប្រភព: Bilyonaryo៕
