សម្តេចធិបតីៈរយៈពេល៣ឆ្នាំកម្ពុជាបានដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិចំនួន៣ជាមួយទំហំទុនវិនិយោគ៣៦០០លានដុល្លារ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប៣,៦០០ លានដុល្លារអាមេរិក។

ព័ត៌មាននេះត្រូវបានលើកឡើង តាមរយៈសារលិខិតក្នុងឱកាស “ទិវាជាតិអាកាសចរណ៍ស៊ីវិល លើកទី១ ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ទន្ទឹមនឹងការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ដោយក្នុងនោះអាកាសយានដ្ឋានអន្តរជាតិថ្មីទាំង៣ ដែលដាក់ឱ្យដំណើរការរួមមាន ទី១ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build – Operate – Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣ ទី២ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ4D ក្រោមទឹកប្រាក់វិនិយោគ ២០០លានដុល្លារអាមេរិក ជាគម្រោង Build – Own – Operate (BOO) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤។

ទី៣ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ២៣០០លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សម្តេចបវរធិបតីបានលើកឡើង ពីវឌ្ឍនភាពរបស់វិស័យអាកាសចរណ៍ស៉ីវិលផងដែរថា ក្រោមគំនិតផ្តួចផ្តើមប្រកប ដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការដាក់ឱ្យអនុវត្តគោលនយោបាយបើកចំហជើងមេឃ ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលំហូរអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស ដើម្បីចូលរួមចំណែកអភិវឌ្ឍទេសចរ​ណ៍ ធុរកិច្ច ពាណិជ្ជកម្មនិងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម កាន់តែច្រើន ក៏ដូចជា ការចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ ក្រោមយន្តការនៃការធ្វើសេរីភាវូបនីយកម្ម នៃការដឹកជញ្ជូនតាមផ្លូវ អាកាសទ្វេភាគី និងពហុភាគីអាស៊ាន។

លទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៦ប្រទេស និង៣៩ទីក្រុង ដោយក្នុងនោះបានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់អាស៊ាន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន ៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here