ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ ការក្លាយជាភ្នាក់ងារអចលនទ្រព្យដែលមានគុណតម្លៃ និងទទួលបានជោគជ័យ មិនមែនជារឿងសាមញ្ញពេកនោះទេ ខណៈអាជីពមួយនេះកំពុងទទួលបានជោគជ័យ និងមានតម្លៃកាន់តែខ្ពស់នៅក្នុងសង្គម។
នាយិកាក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ថា ការធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលទទួលបានជោគជ័យ ភ្នាក់ងារនោះ ត្រូវមានគុណសម្បត្តិចំនួន ៦ចំណុច ដូចជា សុច្ចរឹតភាព ភាពស្មោះត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការដោយឆ្លាតវៃ។ អ្វីដែលសំខាន់បន្ថែមទៀត គឺអ្នកចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតគឺមានសុច្ចរឹតភាព និងភាពស្មោះត្រង់ទើបទទួលបាននូវគុណតម្លៃ និងទទួលជោគជ័យក្នុងអាជីពនេះ។
-->
លោកស្រីបានបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុចពីរនេះ ពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឱ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង”។លោកស្រីបន្ថែមថា “ ក្រៅពីចំណុចទាំងពីរខាងលើចំណេះដឹងផ្សេងទៀត គឺយើងអាចបង្វឹកបាន ប៉ុន្តែសុច្ចរឹតភាព និងភាពស្មោះត្រង់ត្រូវចេញពីខ្លួនរបស់គាត់»។
ការមានចំណេះដឹងជាតិ អន្តរជាតិ យល់ដឹងទាក់ទងពីទីផ្សារ ច្បាប់ ប្លង់អចលនទ្រព្យច្បាស់លាស់ នឹងធ្វើឱ្យអតិថិជនជឿជាក់លើគាត់ ព្រោះនៅពេលអតិថិជនជឿជាក់លើគាត់ ពួកគេនឹងមានទំនុកចិត្ត និងមានទំនាក់ទំនងល្អ ហើយពេលណាម្ចាស់អចលនទ្រព្យជឿជាក់លើគាត់ ពួកគេនឹងទទួលបានជោគជ័យក្នុងអាជីពនេះ។ អ្នកនាង Grace Rachny Fongបញ្ជាក់ឱ្យដឹង។
លោកស្រីបានបន្ថែមថា អាជីពនេះនឹងមានអនាគតល្អ នឹងមានគុណតម្លៃដូចជាអាជីពមេធាវី ព្រោះអ្នកនៅក្នុងអាជីពនេះត្រូវធ្វើការជាមួយទាំងអ្នកទិញ និងអ្នកលក់ ហើយអ្នកណាក៏ត្រូវការលំនៅដ្ឋានដែរ”។ លោកស្រីបនម្តថា“អាជីពនេះមិនត្រឹមតែធ្វើឱ្យគាត់មានលុយទេ ប៉ុន្តែក៏មានគុណតម្លៃខ្ពស់នៅក្នុងសង្គមផងដែរ។ នៅប្រទេសជប៉ុន ពួកគេផ្តោតលើធនធានមនុស្ស ដែលមានសុច្ចរឹតភាព ដើម្បីកសាងទំនុកចិត្តក្នុងទីផ្សារ និងមានការផ្តល់សេវាកម្មលើសការរំពឹងទុក។ ប្រសិនជាចង់ចាប់អាជីពនេះឱ្យមានអនាគតល្អ និងមានជោគជ័យ អ្នកចង់ចាប់អាជីពនេះត្រូវគិតគូរវែងឆ្ងាយ ជាជាងគិតបែបឆក់កណ្តៀត”៕
[…] ប្រភព៖ Property Area […]