ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថលកម្ពុជា លោក ជា វ៉ាន់ដេត បានថ្លែងឲ្យដឹងថា ក្រសួងកំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថល (Digital Park) លើផ្ទៃដីប្រមាណ១០០ហិកតា។
ការបង្កើតDigital Park ធ្វើឡើងក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល (Digital Hub) ដើម្បីជំរុញការធ្វើបរិវត្តកម្ម សហគ្រិនភាព នវានុវត្តន៍ និងការបណ្តុះបណ្តាលជំនាញក្នុងវិស័យឌីជីថល។
-->
ការលើកឡើងរបស់លោករដ្ឋមន្រ្ដី ជា វ៉ាន់ដេត ធ្វើឡើងក្នុងកម្មវិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានថ្លែងថា “ក្រសួងកំពុងអនុវត្តន៍គម្រោងបង្កើត និងអភិវឌ្ឍន៍ សួនឌីជីថល (Digital Park) លើផ្ទៃដីប្រមាណ ១០០ ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឌីជីថល (Digital Hub) ដើម្បីជំរុញការធ្វើបរិវត្តកម្ម សហគ្រិនភាព នវានុវត្តន៍ និងការបណ្តុះបណ្តាលជំនាញ ក្នុងវិស័យឌីជីថល សំដៅគាំទ្រដល់ធុរកិច្ចថ្មី ការធ្វើទំនើបកម្មការអប់រំ ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏សម្បូរបែប និងការទាក់ទាញក្រុមហ៊ុនវិនិយោគ ជាពិសេស ការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលជំនាញទៅនឹងឧស្សាហកម្ម ក្នុងវិស័យឌីជីថល”។

លោកបន្តថា ជាចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺប្រែក្លាយកម្ពុជាជាបណ្តើរៗ ឱ្យទៅជាប្រទេសដែលពុំនិយមប្រើប្រាស់ក្រដាសបន្តទៀត ដោយឈរលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលប្រជាពលរដ្ឋមានទំនុកចិត្ត ព្រមទាំងអាចលើកតម្កើងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ។ ជាការពិតរាល់ការអភិវឌ្ឍ ដែលមានចីរភាពរយៈពេលវែង តម្រូវឱ្យមានកិច្ចសហការ និងការគាំទ្រពីក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ និងសង្គមស៊ីវិល ក៏ដូចជា កិច្ចសហការទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងសាកលលោក។
ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងក្នុងប្រទេស និងក្រៅប្រទេសបន្តបង្កើនកិច្ច សហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីរួមគ្នាទាញយកសក្ដានុពលបច្ចេកវិទ្យាឌីជីថល សម្រាប់លើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។
លោកបានបន្តថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែករំលែកបទពិសោធ នៃការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នករៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់ផ្នែកក្នុងតំបន់ ក៏ដូចជាបង្ហាញអំពីសមិទ្ធផល នៃបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា សំដៅគាំទ្រដល់ធុរកិច្ចថ្មី ការធ្វើទំនើបកម្មការអប់រំ ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏សម្បូរបែប និងការទាក់ទាញក្រុមហ៊ុនវិនិយោគ ជាពិសេសការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយដែលផ្សារភ្ជាប់ ការអប់រំបណ្តុះបណ្តាលជំនាញទៅនឹងឧស្សាហកម្មក្នុងវិស័យឌីជីថល៕
