ការសិក្សាថ្មី: អាផាតមុិននៅទីក្រុងបុមបៃរបស់ឥណ្ឌាមានតម្លៃស្មើនឹងអាផាតមុិននៅតំបន់មួយចំនួនក្នុងទីក្រុងញូវយ៉ក

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា នាពេលបច្ចុប្បន្ន អាផាតមុិនលំដាប់ខ្ពស់នៅក្នុងទីក្រុងបុមបៃនៃប្រទេសឥណ្ឌាមានតម្លៃស្មើនឹងអាផាតមុិននៅតាមតំបន់មួយចំនួននៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក។

ការណ៍នេះសរបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សនៃទ្រព្យសម្បត្តិ និងតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំរបស់ឥណ្ឌា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Anarock Group និង​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ 360 One Wealth ។

របាយការណ៍​របស់​ក្រុមហ៊ុន​ទាំង២ខាងលើ បាន​ឱ្យ​ដឹង​ថា អាផាតមុិន​នៅ​តំបន់ Worli ​របស់​ទីក្រុង​បុមបៃ​មាន​តម្លៃ​១.១០៩ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ្វីត​ការ៉េ ដែល​ស្មើ​នឹង​តម្លៃ​អាផាតមុិន​នៅ​ក្នុងតំបន់ Lower Manhattan របស់​ទីក្រុង​ញូវយ៉ក។

ទិន្នន័យនេះជាសូចនាករបង្ហាញថា ប្រជាជនឥណ្ឌាកាន់តែច្រើនកំពុងបណ្តាក់ទុនវិនិយោគលើទីផ្សារក្នុងស្រុក និងជំរុញតម្លៃអចលនទ្រព្យនៅក្នុងតំបន់Worli ដែលគ្របដណ្តប់ចំណែកទីផ្សារអាផាតមុិនប្រណីតបំផុតរបស់ឥណ្ឌាចំនួន៤០ភាគរយ។ នេះបើយោងតាមលោក Anuj Puri ប្រធានក្រុមហ៊ុន Anarock។

របាយការណ៍​ដដែល​បាន​គូសបញ្ជាក់ថា តំបន់​នេះ​សម្រេចបាន​​កិច្ចព្រមព្រៀង​លំនៅឋាន​ជាង២០ ដែល​មាន​តម្លៃ​លើស​ពី១ពាន់​លាន​រូពី​ក្នុងមួយយូនីតក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។

បច្ចុប្បន្ន តំបន់ Worli ​​​ប្រមូលផ្តុំដោយ​លំនៅឋាន​លំដាប់​ខ្ពស់ និង​ហាង​លក់រាយ​ប្រមាណ៤ទៅ៥លាន​ហ្វីត​ការ៉េ​ដែល​កំពុង​ស្ថិតក្រោមការសាងសង់ ដោយ​គម្រោង​លំនៅឋាន​ទាំងនោះ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ មាន​តម្លៃ​យ៉ាង​ហោច​ណាស់១៩០ពាន់​លាន​រូពី៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here