ដោយ: សហសេវិក
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកគ្រោងប្រែក្លាយអគារការិយាល័យដែលគ្មានអ្នកជួលទៅជាអាផាតមុិនថ្មីជាង១២.០០០យូនីត ដើម្បីរួមចំណែកដោះស្រាយវិបត្តិលំនៅឋានរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយនេះ។
យោងតាមការប៉ាន់ស្មានថ្មីមួយបង្ហាញថា អាផាតមុិនភាគច្រើននឹងត្រូវបានចាប់ផ្តើម ឬបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ ហើយអាផាតមុិនជាង៣.០០០យូនីតក្នុងចំណោមនោះនឹងត្រូវបានកំណត់ជាផ្ទះមានតម្លៃសមរម្យជាអចិន្ត្រៃយ៍។
បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានប្រែក្លាយអគារល្បីៗដូចជាទីស្នាក់ការកណ្តាលចាស់របស់ក្រុមហ៊ុន Goldman Sachs Group និងអគារការិយាល័យចាស់របស់ក្រុមហ៊ុន JPMorgan Chase ទៅជាអាផាតមុិនប្រណីត ដោយបានជួយកែប្រែតំបន់ហិរញ្ញវត្ថុនេះទៅជាតំបនលំនៅឋាន។
-->

លោក Dan Garodnick នាយកទទួលបន្ទុកផ្នែករៀបចំផែនការក្រុងញូវយ៉ក បានមានប្រសាសន៍ឱ្យដឹងថា អត្រាការិយាល័យទំនេរនៅទីក្រុងញូវយ៉កមានកម្រិតខ្ពស់ ខណៈអត្រាផ្ទះជួល ដែលនៅទំនេរ មានកម្រិតទាបខ្លាំង។ ដូច្នេះការប្តូរការិយាល័យទៅជាអាផាតមុិនជារឿងសមហេតុផលណាស់។
អគារការិយាល័យប្រមាណ៩០ បានចូលរួមក្នុងកម្មវិធីរបស់អាជ្ញាធរក្រុងញូវយ៉ក ដែលជួយឱ្យម្ចាស់អគារទទួលបានការអនុម័តដើម្បីប្រែក្លាយជាអគារអាផាតមុិនជំនួសវិញ។ ប៉ុន្តែ ដោយសារការជួលការិយាល័យនៅសង្កាត់ Manhattan បានកើនឡើងនៅឆ្នាំនេះ គម្រោងបំលែងអគារអាចប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែច្រើន។
យ៉ាងណាមិញ ការបំលែងអគារការិយាល័យទៅជាអគារលំនៅឋានក៏ជួបប្រទះការពិបាកផងដែរ ពីព្រោះអគារការិយាល័យជាច្រើនមានផ្នែកខាងក្នុងងងឹត ប្លង់ជាន់ធំទូលាយ និងត្រូវបំពេញតាមលក្ខខណ្ឌបទប្បញ្ញត្តិជាច្រើន៕ប្រភព: Bloomberg ៕
