ដោយ ម៉ាណេត
ភ្នំពេញៈ ខុនដូដែលមានតម្លៃសមរម្យមានទីផ្សារ សម្រាប់អតិថិជនក្នុងស្រុក ខណៈដោយសារការផ្លាស់ប្តូរការរស់នៅបែបផែនស៊ីវីល័យ របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ។
ប្រធានផ្នែកទីផ្សារនៃ Condo L (ខុនដូអិល) លោក ផាន់ រ៉ាវីឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ ឧសភានេះថា អ្វីដែលមើលឃើញ ក្នុងទីផ្សារខុនដូមិនមានឳនភាពនោះទេ ហើយស្ថានភាពទីផ្សារក៏នៅល្អដែរ ដោយសារការផ្លាស់ប្តូរការរស់នៅបែបផែនស៊ីវីល័យរបស់ប្រជាជនក្នុងពេលបច្ចុប្បន្ននេះ ហើយប្រទេសកម្ពុជាមានផ្លាស់ប្តូរយ៉ាងរហ័ស។
-->
លោកថ្លែងថា “កំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ ហើយកន្លែងធ្វើការមួយចំនួននៅទីក្រុងកាន់តែមមាញឹក ដូច្នេះការធ្វើដំណើរក៏មានការស្ទះចរាចរណ៍ដែលតម្រូវគាត់ត្រូវស្នាក់នៅខុនដូ”។
លោកផាន់ រ៉ាវីបានបន្តថា ឧទាហរណ៍ សិស្សសាលាដែលមករៀននៅទីក្រុងភ្នំពេញរបស់រយៈ៥ឆ្នាំ គាត់ចំណាយលុយជួលផ្ទះដែលនៅជាយក្រុង គាត់ពិបាកធ្វើដំណើរមកសិក្សា ប៉ុន្តែបើគាត់សម្រេចចិត្តជ្រើសរើសខុនដូរស់នៅ គាត់បង់រំលស់ជាមួយខុនដូ រយៈពេល៥ឆ្នាំ បើគិតលើការចំណាយ គឺប្រហាក់ប្រហែលជាមួយចំណាយជួលផ្ទះប្រចាំខែដែរ។
លោកបន្តថា “យើងក៏ចាប់យកអតិថិជនប្រភេទនេះ ដោយសារយើងក៏មានចក្ខុវិស័យបែបនេះដែរ ហើយគំរោងរបស់យើងក៏មានតម្លៃសមរម្យជិតតំបន់សេដ្ឋកិច្ច និងកន្លែងធ្វើការ”។
លោកឲ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនលំនៅដ្ឋានកម្ពុជាអ៊ិលខុនដូ មានគម្រោងចំនួន៧ ហើយគម្រោងទី១ដល់៥ យើងបានលក់អស់ហើយ និងយើងនៅគម្រោងទី៦ និងទី៧។
សម្រាប់គម្រោង Condo L រួមមាន ខុនដូគម្រោងទី ១ គឺខុនអិលបឹងត្របែកមានកម្ពស់ ១៣ ជាន់ គម្រោងទី២ ខុនដូចសុវណ្ណមានកម្ពស់ ១៣ ជាន់ គម្រោងទី៣គឺខុនដូអិលអូឡាំពិកមានកម្ពស់ ១៦ ជាន់ គម្រោងទី៤ ខុនដូអិល បឹងកេងកង ៣ មានកម្ពស់ ២៣ ជាន់ គម្រោងទី៥ ស្ថិតនៅបឹងត្របែក២មានកម្ពស់២២ជាន់ គម្រោងទី៦ស្ថិតនៅបឹងទំពុន (ដែលយើងកំពុងសាងសង់ និងសម្រេចបាន ៦០ ភាគរយ) មានកម្ពស់ ២៧ ជាន់ (ជាង៧៦០យូនីត) និងគម្រោងទី៧ (ដែលចាប់ផ្តើមសាងសង់ពីដើមខែនេះ) ស្ថិតនៅបុរីកីឡាមានកម្ពស់៣២ជាន់ (ជាង ៤៥០យូនីត)។
លោករ៉ាវីបានបន្ថែមឲ្យដឹងថា “សម្រាប់គម្រោងទី៦ និង៧ យើងចាប់ផ្តើមដាក់លក់ហើយ និងសម្រាប់គម្រោងទី៦ យើងលក់បានប្រម៉ាណ៨០ភាគរយ ហើយគម្រោងទី៧ នេះដែលចាប់លក់ចាប់ពីខែកុម្ភៈមក យើងលក់ប្រម៉ាណជា៨០ភាគរយហើយដែរ”។
លោក Jame Hodge អនុប្រធានក្រុមហ៊ុន CBRE Cambodia យើងឃើញគម្រោងខុនដូជាច្រើនដែលមានតម្លៃសមរម្យបាន និងកំពុងចាក់បញ្ចូលទៅក្នុងទីផ្សារ។ នេះគឺជាសញ្ញាជំរុញមួយ ដែលអ្នកអភិវឌ្ឍន៍បានទទួលស្គាល់នូវអត្ថប្រយោជន៍ នៃការចាប់យកទីផ្សារមួយនេះ ក្នុងប្រទេសកម្ពុជាបន្ថែមពីលើការបន្តស្វែងរកអ្នកទិញនៅក្រៅប្រទេស”។
លោកបន្តថា “ការចាប់យកវិស័យខុនដូ ដែលមានតម្លៃសមរម្យបានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍដទៃទៀត ឱ្យចូលមកវិនិយោគក្នុងវិស័យនេះ ដែលផ្តល់ទំនុកចិត្តដល់អ្នកអភិវឌ្ឍ ហើយជាលទ្ធផលអ្នកអភិវឌ្ឍ មួយចំនួនបានជ្រើសរើសចូលទៅក្នុងទីផ្សារដោយជំរុញឱ្យតម្លៃមធ្យមនៃខុនដូដែលមានតម្លៃសមរម្យកើនឡើង”។
អគារខុនដូគិតមធ្យមមានតម្លៃ២,៥៥៩ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូប្រណីតមានតម្លៃជាង ៣,២៧២ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕