(ភ្នំពេញ)៖ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នភាពដ៏សែនលំបាក ដោយសារបញ្ហាតាមបន្ទាត់ព្រំដែន ពិតណាស់ថាប្រជាពលរដ្ឋ ពិសេសបេះដូងអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែនៅជាប់ និងខ្វល់ខ្វាយពីសុខទុក្ខកូនចៅគ្រប់ពេលវេលា ខ្ទេចខ្ទាំចិត្ដបេះដូងលាយឡំជាមួយទឹកភ្នែក ខ្លោចផ្សារ អាណិតអាសូរ និងសោកសង្រេងដល់វីរយុទ្ធជនដែលលះបង់សាច់ស្រស់ ឈាមស្រស់ ចោលប្រពន្ធ ប្ដី និងកូន រួមទាំងម្ដាយចាស់ ខ្លះមានតែជីដូនចាស់នៅចាំឯផ្ទះ ដើម្បីមកការពារបូរណភាពទឹកដីរបស់ខ្លួន ដោយមិនរុញរា បូជាជីវិតជូនជាតិមាតុភូមិ ហើយនៅពេលនេះក៏មានវីរយុទ្ធជនកម្ពុជាយើង រងរបួសសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដមួយចំនួន។
ដូច្នេះទឹកចិត្ដ បេះដូងរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូរជាប់និច្ច និងបានចាត់ឱ្យសហការីកាកបាទក្រហមកម្ពុជាស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ដឧត្ដរមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាថវិកា និងសម្ភារៈ ឧបត្ថម្ភជូនដល់វីរយុទ្ធជនជួរមុខ ដែលបានរងរបួសកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

-->
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានក្តីអាណិតស្រលាញ់ និងក្តីបារម្ភ មិនរំលងនោះឡើយពីសុខទុក្ខរបស់បងប្អូនវីរយុទ្ធជន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងជួបប្រទះនូវការលំបាក។
លើសពីនោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានចាត់ទុកទុក្ខលំបាករបស់វីរៈយុទ្ធជន និងប្រជាជាជនទាំងអស់ ជាទុក្ខលំបាកផ្ទាល់ខ្លួនដែរ និងមិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ។ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំដល់មន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ ចែករំលែកក្តីអាណិត ស្រឡាញ់ និងសូមជូនពរដល់វីរៈយុទ្ធជនគ្រប់រូបដែលកំពុងសម្រាកព្យាបាលនាពេលនេះ សូមឆាប់បានជាសះស្បើយឡើងវិញ ជាពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ ព្រោះថាថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៅតែបន្តគិតគូរជាប់ជានិច្ច ហើយមិនបោះបង់បងប្អូនគ្រប់គ្នានោះឡើយ៕
